ឯកឧត្តម គួច ចំរើន ពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី សំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ដែលមានទីតាំងស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ពីធីសំណេះសំណាលជាមួយនិយោជិត កម្មករ កម្មការិនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី នៅឃុំជើងគោ ស្រុកព្រៃនប់នេះ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមការគ្រោងទុកនឹងរៀបចំធ្វើនៅដើមសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេក ទេស បង្កើនការឈូសឆាយឱ្យបានលឿនឆាប់ និងធ្វើផ្ទៃដីឱ្យបានរៀបស្មើ ដើម្បីសាងសង់រោង ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិយោជិត កម្មករ កម្មការិនីរបស់យើងប្រមាណជា ២០ ០០០នាក់ ប្រកបដោយបរិយាកាសរីករាយ និងរលូនតាមការគ្រោងទុក ៕