សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តម្រូវការរបស់ពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ការដោះស្រាយតម្រូវការរបស់ពលរដ្ឋ ក៏មិនអាចបញ្ចប់ត្រឹមតែ៤ឆ្នាំនោះដែរ


(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្រូវការរបស់ប្រជាពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ហើយការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏មិនអាចបញ្ចប់ត្រឹមតែ៤ឆ្នាំនោះដែរ ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយ ជាជំហានដោយផ្អែកលើស្ថានភាពជាក់ស្តែង។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជា ពីសំណាក់បងប្អូនកម្មករ និយោជិន និងបងប្អូងប្រជាពលរដ្ឋ គឺជាការសម្រេចចិត្តត្រឹមត្រូវហើយ ហើយសូមកុំបារម្ភរាជរដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីជាតិ និងប្រជាជន ធ្វើយ៉ាងណាមិនឱ្យប្រជាពលរដ្ឋខកបំណងការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមិនបាននៅស្ងៀម ឬមិនចោលនូវកិច្ចសន្យាជាមួយប្រជាពលរដ្ឋនោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលខិតខំបន្តអនុវត្តន៍នូវកិច្ចសន្យាទាំងនោះជាជំហានៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ពិតណាស់បងប្អូន៤០ថ្ងៃ ៦០ថ្ងៃ ៩០ថ្ងៃ ១០០ថ្ងៃ ១ឆ្នាំ ៤ឆ្នាំ យើងមិនអាចដោះស្រាយអស់នូវអ្វីដែលប្រជាជនចង់បាននោះទេ ហើយតម្រូវការរបស់ប្រជាជនមិនអាចមានត្រឹមតែ៤ឆ្នាំនោះទេ បើប្រជាជនចង់បានអ្វីត្រឹមតែ២០២៨ ឱ្យចប់ក្រោយពីហ្នឹង ទុកឱ្យសំណុំពរទៀត ក៏ទៅមិនរួចដែរ […] តែអ្វីដែលសំខាន់ គឺយើងត្រូវខិតខំដោះជាជំហាន ដោយជាបណ្តើរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ដែលដោះបាន គឺត្រូវខិតខំដោះឱ្យបានដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង ត្រូវក្តាប់ឱ្យជាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺដើម្បីបក្ខពួកខ្មែរទាំង១៧លាននាក់ មិនមែនដើម្បីបុគ្គលណាម្នាក់នោះឡើយ៕