ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថា ក្រុមហ៊ុនចិនមួយបានសម្រេច បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ជាមួយទុន ប្រមាណ ៥០០លានដុល្លារ បន្ទាប់ពីឯកឧត្តម បានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងបានពន្យល់ពីលក្ខខណ្ឌនិងទិដ្ឋភាព អំណោយផលមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនយោ បាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។

ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងនឹងក្រុមហ៊ុនធំមួយរបស់ចិនបាន សម្រេចចិត្តមកវិនិយោគនៅកម្ពុជានេះ ដើមឡើយក្រុមហ៊ុននោះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី ប៉ុន្តែក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។

មានក្រុមហ៊ុន ដែលគាត់កំពុងពិចារណាជ្រើសរើស កម្ពុជា ឬប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី ដើម្បីដាក់ទុន៥០០លានដុល្លារ។ យើងខ្ញុំបានទៅដល់ ហើយជួបប្រធានក្រុមហ៊ុនពន្យល់ពីសក្តានុពលនៃការដាក់ទុនវិនិយោគនៅកម្ពុជា ហេតុដូចម្តេច ដែលគាត់ត្រូវឬគួរតែមកវិនិយោគនៅកម្ពុជា? ក្រោយពីពន្យល់គាត់ក្បោះក្បាយហើយ ពេលនោះគាត់បានមើលមុខខ្ញុំ ហើយគាត់ថាខ្ញុំសម្រេចចិត្តនឹងដាក់ទុននៅកម្ពុជា ខ្ញុំអត់ទៅប្រទេសផ្សេងទេ ដាក់ទុននៅកម្ពុជា៥០០លានដុល្លារអាមេរិក ដោយដំណាក់កាលទី១ ៣០០លានដុល្លារអាមេរិក ដំណាក់កាលទី២ ២០០លានដុល្លារអាមេរិក នេះច្បាស់ណាស់។ ឥឡូវគាត់កំពុងពិចារណា ដាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងយើង អ៊ីចឹងចង់ដាក់នៅទីណាក៏បានដែរ ឆ្មារខ្មៅក៏បាន ឆ្មារសក៏បាន ឱ្យតែចាប់កណ្តុរជូនជាតិបាន បង្កើតការងារជូនជាតិយើង ខ្ញុំទទួលទាំងអស់ ។

សូមបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការងារអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រៅពីបញ្ចប់ហើយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិន ដើម្បីស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនទាំងនោះមកកាន់កម្ពុជា៕