ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ បើកវគ្គបន្តជំនាន់ទី២៩ សម្ពោធសមិទ្ធផល និងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការថ្មី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស (ភ្នំស្រង់)


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិរសសជំនាន់ទី២៨ បើកវគ្គបន្តជំនាន់ទី២៩ និងសម្ពោធសមិទ្ធផលនានា ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ចាការថ្មី កម្ពស់ ២ជាន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា «យើងមិនត្រូវធ្វើជាយោធាអំបិល ត្រូវទឹករលាយ និងធ្វើជាយោធាក្រមួន ត្រូវថ្ងៃរលាយនោះទេ, យើងមានមោទនភាពណាស់ក្នុងការពាក់ឯកសណ្ឋានជាកងទ័ព ហើយក្នុងការបំពេញ ភារកិច្ចរបស់យើង គឺបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ព្រមនឹងការពារប្រជាជន»។

មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស បានប្តូរទីតាំង ពីភូមិសាស្រ្តខេត្តកណ្តាល មកក្នុងភូមិសាស្ត្រ ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

ក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន គិតមកដល់បច្ចុប្បន្នមានអគារ សរុបចំនួន ៥៨ខ្នង, បណ្ណាល័យចំនួន១, ស្ថានីយ៍ប្រេងឥន្ធនៈ ១ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង, សំណង់ខ្ពស់សម្រប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ ១កន្លែង, ឧបសគ្គសម្រាប់ពង្រឹងកាយសម្បទា ២៥ឧបសគ្គ, អណ្ដូងទឹក និងស៊ីទែនទឹក ២១កន្លែង។

ក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឲ្យដឹងថា មជ្ឈមណ្ឌលបានទទួលការហ្វឹកហ្វឺនបណ្តុះបណ្តាល ចំនួន ៤វគ្គ ស្មើនឹង ១ ៦៤៤នាក់ ក្នុងនោះ មានវគ្គជំនាញអង្គរក្សរពិសេស និងយុទ្ធវិធីថ្មើជើង ជំនាន់ទី២៨ (រយៈពេល ១២ខែ), វគ្គបណ្តុះបណ្តាលនាយទាហានបឋម ជំនាន់ទី៣ ឆ្នាំទី២ (រយៈពេល១២ខែ),  វគ្គបំប៉នសេនារាជិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី៨ (រយៈពេល៣ខែ) និងវគ្គបណ្តុះបណ្ដាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart com-Smart Hunter និងកាំជ្រួចQW3 ជំនាន់ទី៣ (រយៈពេល៦ខែ)។

ដោយឡែក វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ មានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន ៥៥០នាក់។ លទ្ធផលនិទ្ទេសល្អ ១៤០នាក់,ល្អបង្គួរ ២៧០នាក់, មធ្យម ៨៨នាក់។ វគ្គហ្វឹកហ្វឺន ជំនាន់ទី២៩ បើកនាពេលនេះ មានសិក្ខាកាម ចូលរួមចំនួន ៤២១នាក់។

ក្នុងនាមសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស ដែលកន្លងមក បានយកចិត្តទុកដាក់ ខិតខំពុះពារយ៉ាងខ្លាំងក្លា ក្នុងការកសាងអភិវឌ្ឍអង្គភាព ពិសេសការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពជំនាញដល់ នាយទាហាន និងពលទាហានរបស់ខ្លួន។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងការកំណែទម្រង់ ខ.ភ.ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ការហ្វឹកហ្វឺន និងការអភិវឌ្ឍកងទ័ព គឺជាចាំបាច់បំផុត។

ឯកឧត្តមបានបន្តថា បទពិសោធន៍នៅក្នុងឆ្នាំ២០០៨ ជាមេរៀនយ៉ាងសំខាន់ ដែលយើងបានឆ្លងកាត់រួចមកហើយ នៅគ្រប់អង្គភាពកងទ័ពពេលនោះ ការបំពាក់សម្ភារៈនៅមានកម្រិត នៅលើវិស័យការពារជាតិ។ ចាប់ពីពេលនេះតទៅ យើងត្រូវបានជម្រុញ និងអភិវឌ្ឍន៍លើការពារជាតិ ធ្វើទំនើបកម្មទាំងសម្ភារ:សព្វាវុធ និងទាំងធនធានមនុស្ស ពង្រឹងស្មារតី ឆន្ទ:ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារប្រជាជនរបស់យើង។

ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់នាយ- ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និង ខ.ភ.ម ទាំងអស់ បន្តអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងនៅក្នុងឪកាសសម្ពោធអគាររដ្ឋបាលក្រសួងការពារជាតិ ក្នុងនោះ ត្រូវមានភាពស្មោះត្រង់ និងបម្រើដោយឥតងាករេ ការត្រៀមខ្លួនជាស្រេច ក្នុងការការពារបូរណអធិបតេយ្យភាព ខឿនការពារជាតិ របស់ប្រជាជន។ ចូលរួមសហការការពារសន្តិសុខ សន្តិភាព ស្ថិរភាពសង្គម អនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ពិសេសប្រឆាំងរាល់គ្រប់ ឧបាយកលបដិវត្តន៍ពណ៌។ កងកម្លាំងប្រដាប់អាវុធ ចូលរួមជួយប្រជាពលរដ្ឋ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ហើយត្រូវគាំទ្រដល់ការអនុវត្តច្បាប់ ការពារសម្បត្តិធម្មជាតិ ចូលរួមគាំទ្រដល់អង្គភាពប្រមូលពន្ធថវិកាជាតិ បង្ក្រាបបទល្មើសផ្សេងៗ បទឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងពង្រឹងវិន័យកងទ័ព ធ្វើការហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ពិនិត្យថែទាំសម្ភារៈគ្រឿងបំពាក់។ ជាមួយគ្នានេះ យកចិត្តទុកដាក់លើជីវភាពកងទ័ព ហើយកងទ័ពត្រូវដើរតួនាទីជាអ្នកកាទូត។

ក្នុងឪកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ១០តោន, មី ៥០កេសធំ, ត្រីខ ១៥០កេស និងថវិកា ១៥០លានរៀល៕