ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជា អធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក


នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ជាអធិប​តីភាពបើកមហាសន្និបាត​មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង​លើទឹកដី​សៀមរាបអង្គរ​ពី​ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»។

ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិ​នារី​តំបន់​អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភនិច្ឆ័យរបស់​លោក​ស្រី​បណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ​សង្កេត​ឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។

ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រទេស​កម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយ​ប្ញទ្ធិនារី​ពិភព​លោក (39th WAGGGS World Conference) ផងដែរ។

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិការណ៍​មួយ​ដ៏មាន​សារៈ​សំខាន់ សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួប​ប្រជុំ​ថ្នាក់​តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍន​ភាព និងទទួលដឹងឮពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារី​តំបន់អាស៊ី​ប៉ាស៊ី​ហ្វិក​សម្រេច បានកន្លងមក លើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំង​ពិភពលោកឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពសមរម្យអាច​កសាង​អនាគត​របស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅ​កាត់ថា FAPW គឺជា ក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើក​កម្ពស់​​ចលនា​កាយ​ឫទ្ធិនារី​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅ​ឆ្នាំ​១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah of Pahang ជា ព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣ នេះ សម្រាប់ប្រទេស​កម្ពុជា មានសមាជិក FAPW សរុបចំនួន ២៣៩រូប ដោយមានសម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិកគាំទ្រថ្នាក់​មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែង​តែ​បានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ចូលរួមក្នុងចលនានេះ​ជារៀងរហូត​មក ក្នុងព្រះរាជបំណងរួបរួមគ្នា ជួយសហគមន៍ សង្គមជាតិ និងពិភពលោក ជា​ពិសេស​ស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធ​ភាព​មួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់​តែប្រសើរ​ឡើង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលជាសមាជិក FAPW ថ្នាក់ Gold Award កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំ មិត្តកាយឫទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៨។ ដោយមានការគាំទ្រជាបន្តបន្ទាប់ពី​សមាគមកាយ​ឫទ្ធិនារីពិភពលោក (WAGGGS) សមាគមកាយឫទ្ធិនារីតំបន់ អាស៊ី​ប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW ) ទន្ទឹមនឹងការ​ប្រោស​ព្រះរាជទានទំនុកបម្រុងគាំទ្រចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយស​សមាគមកាយ​ឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយ ឫទ្ធិនារីកម្ពុជា។

សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្ម​របស់​សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិ នារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន ការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់​នៅ​ក្នុង​សីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួន​របស់​សមាជិកម្នាក់ៗ ដោយមិនមានការបង្ខិត បង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមាន​ប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិកម្នាក់ៗ នោះទេ។ បន្ថែម​ពី​លើនេះ ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយ សម្រាប់ កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ​ដែល​ផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហា សង្គម និងការ​អភិ​វឌ្ឍ​ប្រទេសជាតិ៕