ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើម​របស់​សម្តេចក្រឡាហោម ស ខេង កាលសម្តេច​នៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រ​ពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះបានបញ្ចុះបឋមសិលាបើកការដ្ឋានសាង​សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារមានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោម​ដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

អគារទីស្ដីការថ្មីនេះដែរ គឺមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារ​នៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្រប​តាមមហាវិថីព្រះ​នរោ​ត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក (សម័យទំនើបកម្ម) រចនាប័ទ្មខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្ប​បុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាម​គោល​ការណ៍​សម​មាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។ អគារបានរំលេចពណ៌សស្ទើរពេញផ្ទៃអគារ លើកលែងតែក្លោងទ្វារមុខ ប្រើប្រាស់​ម៉ាប​ធម្មជាតិពណ៌ឡុត មានបញ្ចូលក្បាច់ឆ្លាក់ ផ្កាចន្ទ និងដំបូលបុស្បុកប្រក់​ក្បឿង​ស្រកា​លិញ។

លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុក​មនុស្ស សរុបរហូតដល់ ៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគារ​រដ្ឋបាល​ប្រមូលផ្តុំ ដែលមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រីនគរបាលជាតិ​ មន្ត្រីពន្ធនាគារផងដែរ៕