(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ ជាពិសេសជំរុញឱ្យថ្នាក់ដឹកនាំ ទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវា នៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេកទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លេីកទី១ នៃខែវិច្ឆិកា នាថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកដល់គ្រប់បុគ្គលិក មន្ត្រីសុខាភិបាល នៅគ្រប់កម្រឹត និងទីកន្លែងកុំភ្លេចថែទាំសុខភាពខ្លួនឲ្យបានល្អ នឹងនៅរក្សារបានសមត្ថភាព ជំនាញថែទាំព្យាបាល និងបន្តបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងប្រកបដោយទំនុកចិត្ត។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកសរសើរផងដែរ ដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ជាពិសេសមណ្ឌលសុខភាព ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលឆ្លៀតចុះពិនិត្យនៅមណ្ឌលសុខភាពចុងកាល់ និងមណ្ឌលសុខភាពដូនកែន ខេត្តឧត្តរមានជ័យ ដែលមានមន្ត្រីសុខាភិបាល នៅរង់ចាំបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង។
ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំបន្ថែមថាត្រូវពង្រឹងការងាររដ្ឋបាល ក្នុងនោះការពង្រឹងសេវាច្រកចេញចូលតែមួយ គឺត្រូវពង្រឹងឱ្យមានប្រសិទ្ធភាពត្រឹមត្រូវ និងល្អប្រសើរថែមទៀត។
សូមជម្រាបថា កិច្ចប្រជុំខាងលើនេះបានរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសទី ដែលមានការអញ្ជើញចូលរួមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល៕