ព្រះមហាក្សត្រកម្ពុជា នឹងយាងទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង


តបតាមការសូមយាងរបស់ លោក Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ន ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ននេះបើតាមប្រកាសរបស់ក្រសួងការបរទេស។

អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយ លោក Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l’Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ ន សន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជាអំពីការចូល រួមចំណែករបស់អង្គការនេះ ក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយគ្នានេះព្រះអង្គក៏ នឹងយាងទតបណ្ណសាររបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» ផងដែរ៕