រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ មានកិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ និងការបែកចែកភារកិច្ចដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយឯកឧត្ដមលោកជំទាវថ្នាក់ដឹកនាំក្រសួង គណៈមេប្រយោគ គណៈអប្បមាទទូទាំងប្រទេស និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដមទេសរដ្ឋមន្ត្រី និងឯកឧត្ដមបណ្ឌិតសភាចារ្យ បានធ្វើការវាយតម្លៃខ្ពស់ទៅលើដំណើរការសំណេរទាំងពីរថ្ងៃមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍ផ្សេង បានផ្ដល់កិច្ចសហការយ៉ាងល្អ ។ ដោយឡែកបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់៕
កិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ និងការបែកចែកភារកិច្ចដំណើរការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧
