មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រើនរំលឹកអាជ្ញាធរអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ


ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​ប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ក្រុមការងារទី១៥ ទទួលបន្ទុកខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំជំរុញក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត ស្រេង វង្សហៀង​ អនុប្រធានក្រុមការងារជំរុញការអនុវត្តគោលនយោបាយ​ភូមិ ឃុំ សង្កាត់ និងលោក​ ថុល​ ភារះ​ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ព្រមទាំងមានការចូលរួមពីលោកអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាល មេបញ្ជាការតំបន់ប្រតិបត្តិសឹក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងនាក់ពាក់ព័ន្ធប្រមាណ ៣១៤នាក់។

នាឱកាសនោះ ឯកឧត្តម អ៊ុត សំអន បានជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់នៅខេត្តកណ្ដាល បន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវតាមដានឱ្យបានជាប់ជាប្រចាំ នៅបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកំពុងបន្តគំរាមកំហែងដល់ ភូមិ ឃុំ របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តកំពង់ធំផងដែរ។

ឯកឧត្តមបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។

ប្រធានក្រុមការងាររូបនេះ បានបន្ថែមថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ៕