ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបកម្មករ និយោជិត គម្រប់លើកទី១០ តាមការសន្យារបស់សម្តេចតេជោ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​​នឹង​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ បំពេញ​កិច្ច​សន្យា​របស់សម្តេចតេជោ ហ៊ុន សែន។

ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហ​គ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោ​ជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។

បើតាមឯកឧត្តម ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះ​សំណាល​ខាងលើនេះ មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ដេរស្បែក​ជើង​​ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។

មុន​ពេល​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តដំណើរចុះជួបកម្មករ និយោជិតចំនួន១០លើកបន្ថែម នៅក្រោយ​​ពេល​បោះឆ្នោត។ ក្រោយពេលបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់​ចុះការងារជានាយករដ្ឋមន្ត្រី ជំនួសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេច​តេ​ជោ ក៏បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចធិបតី ចុះជួបកម្មករ និយោជិត​ចំនួន​១០លើកជំនួសវិញ។

មិនបង្អង់យូរ និងមិនធ្វើឱ្យសម្តេចតេជោ ខកសម្តីជាមួយកម្មករ និយោជិត​នោះ​ឡើយ។ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់កម្មវិធីចុះជួបកម្មករ និយោជិតតាមរោងចក្រជាបន្តបន្ទាប់។ ក្នុងជំនួប១០លើកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ១៧២,៣៥០នាក់ មកពីរោងចក្រ សហគ្រាសសរុបប្រមាណ១៨៩។

ជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មាន​កម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិត​ចូលរួម ១៨,២៨៩នាក់, លើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់, លើក​ទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មាន​កម្មករ និយោជិតចូលរួម ១៨,១០៤នាក់, លើកទី៥ ធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុង​ទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានី​ភ្នំពេញ ដោយមានកម្មករនិយោជិតចូលរួមចំនួន ១៨,០៩៩នាក់, លើកទី៦ ធ្វើ​ឡើង​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានកម្មករ និយោជិតចូលរួម ១២,០៦០​នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម, លើកទី៧ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២៣ មានកម្មករ និយោជិត ចូលរួមចំនួន​​១៨,០២៨នាក់ នៅភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លើកទី៨ ធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២៣ មានកម្មករ និយោជិតចូលរួមសរុប ១៨,១៩០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល, លើកទី៩ ធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់​សេដ្ឋ​កិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ មានកម្មករ និយោជិតចូលរួម ១៥,១៩៤នាក់ និងលើកទី១០ ធ្វើឡើងនៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,១០៨នាក់។

ក្នុងជំនួបជាមួយកម្មករ និយោជិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ដាក់ចេញការងារចំនួន៦ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​អនុវត្តន៍​ឱ្យបានក្នុងឆ្នាំ២០២៣ និងការងារចំនួន៤ទៀត អនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីជាប្រយោជន៍កម្មករ និយោជិត។

ការងារទាំងនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រឹងប្រែងអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយ​សម្រេចបានលទ្ធផលជាបន្តបន្ទាប់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា សុខទុក្ខរបស់កម្មករ និយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល។ ដូច្នេះកម្មវិធីរបស់សម្តេចចុះជួបជាមួយកម្មករ និយោជិតមិនបិទបញ្ចប់ត្រឹម១០លើកនេះឡើយ សម្តេចនឹងបន្តចុះជួប​នាពេល​បន្ត​បន្ទាប់​ទៀត៕