ឯកឧត្ដម គន់ គីម នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច


ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមា គមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមទេសរដ្ឋ មន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលឯកឧត្តមតែងតែឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយផ្សេងៗ ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ ។ ឧត្តមសេនីយ៍ទោបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកក្បាលដីសម្បទានសង្គមកិច្ចក្នុង១គ្រួសារចំនួន១ហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ បងប្អូនអតីតយុទ្ធជនយើងបានរស់នៅកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈពេលជាង២ឆ្នាំកន្លះមកហើយដោយបានបង្កបង្កើនផលដាំដំណាំបន្លែបង្ការ ធ្វើស្រែដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ នៅក្នុងរដូវវស្សាកន្លងមកនេះ ដោយគ្រោះជំនន់ទឹកភ្លៀងធ្លាក់មកយ៉ាងគំហ៊ុកជាប់ៗគ្នា បណ្ដាលឱ្យគេហដ្ឋាន និងផលដំណាំរបស់បងប្អូនមួយចំនួន ត្រូវជនលិចបណ្តាលឱ្យខូចខាត ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាក របស់បងប្អូនអតីតយុទ្ធជន ជាពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយ នូវរាល់ការលំបាករបស់អតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន យ៉ាងល្អប្រសើរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងបន្តទៀត ហើយបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនរបស់យើងត្រូវខិតខំថែរក្សាសុខភាព ខិតខំធ្វើការងារបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ឱ្យមានជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូននេះ ។

ឯកឧត្ដម គន់ គីម ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើន និងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យបងប្អូនរួមគ្នាថែរក្សាឱ្យបានគង់វង្សជារៀងរហូត នូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ដើម្បីឱ្យប្រទេសជាតិយើងបន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់ជូននូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកបរិសុទ្ធ១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗ មួយចំនួនបន្ថែមទៀត ៕