ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណ:ចលនាសាសនិកឥស្លាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចុះពិនិត្យព្យាបាលងំងឺជូនប្រជាពលរដ្ឋ និងខតាន់ (អនាម័យកុមារា )ដោយឥតគិតថ្លៃ ចំនួន៥៥០នាក់ នៅក្នុងគ្លីនិកមិត្តភាពកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣។ ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរពីដំណាក់លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត អភិបាលរងស្រុកកំពង់ត្រឡាច អាជ្ញាធរមូលដ្ឋាន ហាកឹម តួន និងយុវជនផងដែរ ។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបាន គឺ សុខភាព កាលណាសមាជិកគ្រួសារណាម្នាក់មានបញ្ហាសុខភាព គ្រួសារនោះនឹងត្រូវខាតបង់ទាំងថវិកា ពេលវេលាប្រកបរបរចិញ្ចឹមជីវិត អាចនឹងឈានដល់បាត់បង់អាយុជីវិតទៀតផង។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើវិស័យសុខាភិបាល តាមរយៈការខិតខំពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ប្រជាជនប្រមាណជាង៥៤ភាគរយ គឺបានបាត់បង់អាយុជីវិតដោយជំងឺមិនឆ្លង ដែលតួរលេខនេះ គឺជាក្ដីបារម្ភមួយសម្រាប់យើង ហើយអាចនឹងបន្តកើនឡើង ដែលទាមទារការរៀបចំផែនការសកម្មភាពពហុវិស័យជាតិ ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង តាមរយៈការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យចេះថែរក្សា និងស្រលាញ់សុខភាព។
ឯកឧត្តមបានបន្ថែមថា យោងលើអនុស្សរណៈរវាងសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងក្រសួងសុខាភិបាល លើគម្រោងលើកម្ពស់សុខុមាលភាពសហគមន៍ ថ្ងៃនេះ សមាគម បានសហការជាមួយអង្គការហាសាណះ នៅប្រទេសអាល្លឺម៉ង់ បានអនុវត្តគម្រោងកម្មវិធីពិនិត្យព្យាបាល និងខតាន់(អម័យកុមារា) ដោយមិនគិតថ្លៃ ជូនប្រជាជនកម្ពុជា ជាង២២០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ចាម និងខេត្តកំពង់ធំ ដែលចាប់អនុវត្តពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។