ប្រជាពលរដ្ឋ និងកុមារ ចំនួន ៣៥០នាក់ ទទួលបានសេវាពិនិត្យព្យាបាលជំងឺ និងខតាន់ (អនាម័យកុមារា) ដោយឥតគិតថ្លៃ


ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាយុវជន នៃចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងខតាន់ (អនាម័យកុមារា )ដោយឥតគិតថ្លៃ ចំនួន ៣៥០នាក់ នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ លោក លី វ៉េត អភិបាលរងខេត្តកំពងធំ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ និងសហការី លោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ក្រុមការងារ សមាគមនិស្សិតមុស្លិមកម្ពុជាខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន និង ហាកឹម តួនៗ ។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបាន គឺ សុខភាព កាលណាសមាជិកគ្រួសារណាម្នាក់មានបញ្ហាសុខភាព គ្រួសារនោះនឹងត្រូវខាតបង់ទាំងថវិកា ពេលវេលាប្រកបរបរចិញ្ចឹមជីវិត អាចនឹងឈានដល់បាត់បង់អាយុជីវិតទៀតផង។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើវិស័យសុខាភិបាល តាមរយៈការខិតខំពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ប្រជាជនប្រមាណជាង៥៤ភាគរយ គឺបានបាត់បង់អាយុជីវិតដោយជំងឺមិនឆ្លង ដែលតួរលេខនេះ គឺជាក្ដីបារម្ភមួយសម្រាប់យើង ហើយអាចនឹងបន្តកើនឡើង ដែលទាមទារការរៀបចំផែនការសកម្មភាពពហុវិស័យជាតិ ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង តាមរយៈការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យចេះថែរក្សា និងស្រលាញ់សុខភាព។

ឯកឧត្តមបានបន្ថែមថា យោងលើអនុស្សរណៈរវាងសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងក្រសួងសុខាភិបាល លើគម្រោងលើកម្ពស់សុខុមាលភាពសហគមន៍ ថ្ងៃនេះ សមាគម បានសហការជាមួយអង្គការហាសាណះ នៅប្រទេសអាល្លឺម៉ង់ បានអនុវត្តគម្រោងកម្មវិធីពិនិត្យព្យាបាល និងខតាន់(អម័យកុមារា) ដោយមិនគិតថ្លៃ ជូនប្រជាជនកម្ពុជា ជាង២២០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ចាម និងខេត្តកំពង់ធំ ដែលចាប់អនុវត្តពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។