នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបញ្ឈប់ការអភិវឌ្ឍអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការណ៍ដែលប្រកាសបែបនេះ របស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីធានាបានទាំងគោលដៅអព្យាក្រឹត្យភាពកាបូនផង និងគោលដៅផ្គត់ផ្គង់ថាមពលប្រកបដោយគុណភាព, ស្ថិរភាព, ប្រសិទ្ធភាព និងមានថ្លៃសមរម្យផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់។ នៅខែវិច្ឆិកា ឆ្នាំ២០២១, រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងបរិស្ថាន បានប្រកាសនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេសថា «កម្ពុជានឹងបញ្ឈប់ធ្វើការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម»

«ពាក់ព័ន្ធបញ្ហានេះ, ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាបជូនថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។ ជាមួយគ្នានេះ, ខ្ញុំព្រះករុណាខ្ញុំ ក៏បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពអំពីការឈានមួយជំហានទៀត ឆ្ពោះទៅរកការសាកល្បងដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ផងដែរ»។ នេះបើតាមប្រសាសន៍សម្តេចធិបតី។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានឲ្យដឹងទៀតថា វិស័យថាមពល ក្នុងពិភពលោកបច្ចុប្បន្ននេះ កំពុងនៅក្នុងរបត់ដ៏សំខាន់មួយ ដែលប្រទេសនីមួយៗមានភារកិច្ច មិនត្រឹមតែធានាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព, ស្ថិរភាព, ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ, ប៉ុន្តែ ក៏ត្រូវធ្វើឱ្យវិស័យថាមពលឈានទៅរកអព្យាក្រឹត្យភាពកាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ។

សម្រាប់កម្ពុជា ដើម្បីធានាបានទាំងគោលដៅអព្យាក្រឹត្យភាពកាបូនផង និងគោលដៅផ្គត់ផ្គង់ថាមពលប្រកបដោយគុណភាព, ស្ថិរភាព, ប្រសិទ្ធភាព និងមានថ្លៃសមរម្យផង, កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ, សម្តេចក៏បានសម្រេច ប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពល រួមមាន៖

* ជំរុញការអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។

* ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។

* លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV)៖ ការប្រើប្រាស់យានយន្តអគ្គិ-សនី (EV) ផ្តល់នូវផលប្រយោជន៍សំខាន់ ២ គឺៈ ទី១). បង្កើនប្រសិទ្ធភាពនៃការ
ប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈ និង ទី២). អាចផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសច្រើន មកជាការប្រើប្រាស់ថាមពលស្អាតពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិវិញ។ ដូចេ្នះ, ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, កម្ពុជាត្រូវពិនិត្យ និង រៀបចំផែនការវិនិយោគប្រព័ន្ធបណ្តាញផ្គត់ផ្គង់ប្រភពអគ្គិសនីទៅកាន់ស្ថានីយបញ្ចូលថាមពលអគ្គិសនី, រៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យមានគ្រប់ទីកន្លែង ដែលអ្នកប្រើប្រាស់អាចបញ្ចូលអគ្គិសនីទៅក្នុងអាគុយយានយន្ត និង រៀបចំថ្លៃលក់ថាមពលអគ្គិសនី សម្រាប់ការបញ្ចូលថាមពលឱ្យយាន-យន្តអគ្គិសនី បានសមរម្យ។

* ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញ-ប្បទានសម្បទានសម្រាប់ធ្វើការអភិវឌ្ឍ។

ចំពោះការងារ ខាងលើនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ និង សម្របសម្រួលឱ្យអស់លទ្ធភាពជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យយើងអាចសម្រេចបាននូវគោលដៅអន្តរកាលវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% យ៉ាងតិចនៅឆ្នាំ ២០៣០ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសគោលដៅថាមពលស្អាត (Clean Energy Destination) សម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។