ស្ថានទូតចិនប្រចាំកម្ពុជា ប្រគល់សម្ភារការិយាល័យ កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ១១គ្រឿង និងសម្ភារមួយចំនួនទៀត ដល់ក្រសួងកសិកម្ម


(ភ្នំពេញ)៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រគល់សម្ភារការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រមាណ ១៥,០០០ដុល្លារ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។

ពាក់ព័ន្ធនឹងអំណោយទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការបានរម្លឹកថា កាលពីឆ្នាំ២០២១ ឯកឧត្តមត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់បញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ដែលតាមរយៈនេះលោកបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត ជាមួយស្ថានទូតចិនប្រចាំកម្ពុជា។ ក្រោយពេលត្រឡប់មកវិញលោកបានទទួលអំណោយជាបន្តបន្ទាប់ពីស្ថានទូតចិន ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម គង់ ច័ន្ទវាសនា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ឯកឧត្តមបាននាំយកអំណោយរបស់ស្ថានទូតចិន រួមមាន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនជាច្រើនគ្រឿង ជូនដល់បណ្ណាល័យឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តកំពង់ស្ពឺ និងទីស្តីការគណៈរដ្ឋមន្រ្តី និងកង់ចំនួន៣០០គ្រឿង ដល់សិស្សានុសិស្សនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម គង់ ច័ន្ទវាសនា បានបន្តថា ក្នុងឆ្នាំ២០២៣នេះ ឯកឧត្តមបាននាំយកអំណោយជាសម្ភារការិយាល័យរួមមាន៖ កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងសម្ភារៈមួយចំនួន ជូនដល់អង្គភាពចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកំពុងសហការផលិតវីដេអូផ្សព្វផ្សាយមួយចំនួន ដើម្បីគាំទ្រដល់សកម្មភាពការងាររបស់ក្រសួង ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាមេរិកទៀត។

អំណោយរបស់ស្ថានទូតចិន ជាពិសេសអំណោយជាកុំព្យូទ័រយួរដៃ នាពេលនេះ ពិតជាមានសារសំខាន់ ដើម្បីជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារមន្រ្តី ដែលឆ្លើយតបទៅនឹងតម្រូវទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ដែលការពង្រឹងសមត្ថភាពធនធានមនុស្ស និងការជំរុញប្រើប្រាស់បច្ចេកវិទ្យា គឺជាសសរស្តម្ភពីរដ៏សំខាន់ សំដៅចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិន ប្រចាំកម្ពុជា ជាពិសេសឯកអគ្គរដ្ឋទូត និងសហការីពាក់ព័ន្ធ ដែលបានផ្តល់អំណោយទាំងនេះ តាមរយៈលោកយកមកប្រគល់ជូនក្រសួង ស្ថាប័ន និងអង្គភាពនានារបស់កម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម គង់ ច័ន្ទវាសនា បានបន្ថែមថា លោកនឹងថែរក្សាទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងចិន។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានផ្តល់ឱកាសដល់ឯកឧត្តម ក៏ដូចជាយុវជនកម្ពុជារាប់ពាន់នាក់នៅទូទាំងប្រទេស ក្នុងការទទួលបានឱកាសបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីចូលរួមអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនជៀនលឿនថែមទៀត ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕