សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN)។

តាមរយៈសេចក្តីសម្រេច នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំការងារនេះ មានឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៤១រូប។

ក្រុមការងារអន្តរក្រសួងខាងលើនេះ មានភារកិច្ចដូចតទៅ៖

* ដឹកនាំធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ មានជាអាទិ៍ របាយការណ៍ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) របាយការណ៍ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) របាយការណ៍ស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) របាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របាយការណ៍ស្តីពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) និងរបាយការណ៍ផ្សេងៗទៀត ដែលអង្គការសហប្រជាជាតិ ស្នើសុំសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចមុននឹងរៀបចំបញ្ជូនទៅអង្គការសហប្រជាជាតិ

* ពិនិត្យ និងលើកយោបល់ជូនរាជរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានា របស់អង្គការសហប្រជាជាតិ ដូចជារបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា របាយការណ៍របស់អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងរបាយការណ៍
របស់អ្នកតំណាងផ្សេងៗទៀត នៃអង្គភាពសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលបានដាក់ជូនរាជរដ្ឋាភិបាល

* បំពេញភារកិច្ចផ្សេងៗទៀតពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស តាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែ៖