សាខាសមាគមនារីខេត្តពោធិ៍សាត់ ប្រារព្ធមិទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ២ ធ្នូ


(ពោធិ៍សាត់)៖ លោក​ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ «២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣» នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន។

អង្គមិទ្ធិញនេះ បានការអញ្ជើញចូលរួមពី លោកស្រី អនុប្រធាន និងសមាជិកា កិត្តិយស ប្រធាន អនុប្រធាន និងសមាជិកា គណៈកម្មការ សាខាសមាគមនារីខេត្ត ក្រុមចលនាស្ត្រីខេត្ត និងបណ្តាញសមាគមនារី បណ្តាមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនទៀត។

បន្ទាប់ពីលោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការ សាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីប្រវត្តិ សកម្មភាព និងរចនាសម្ព័ន្ធតាំង ពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នោះរួចមក, លោកជំទាវ អាំង​ សុជាតា ខូយរីដា និងលោកជំទាវ ឯម ប៉ុណ្ណា បានអានសាលិខិត របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងក្នុងមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឋន៍ «២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣»។

ថ្នាក់ដឹកនាំស្ត្រីទាំង២រូប បានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងគោរពដឹងគុណ ចំពោះបងប្អូននារីដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញភារកិច្ចប្រកបដោយទទួលខុសត្រូវខ្ពស់ និងជាការរំលឹកឡើងវិញនៃដំណើរចាប់ផ្តើមរស់រានមានជីវិត ​រួចផុតពីគ្រោះមហន្តរាយ នៃរបបកម្ពុជាប្រជាធិបតេយ្យ នាថ្ងៃ ២ ធ្នូ ១៩៧៨។ ក្នុងរយៈពេល៤៥ឆ្នាំ ​ប្រជាជនកម្ពុជា បានរួមរស់ជាមួយគ្នា ពុះពារឆ្លងកាត់ឧបសគ្ក តូច ធំ និងបានចារឹកជាប់ក្នុងមនសិកាជនគ្រប់ៗរូប និងបានក្លាយទៅជាកម្លាំងយ៉ាងធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។

ក្នុងដំណើរការវែងឆ្ងាយនាកន្លងមកនេះ សមាគមនារីកម្ពុជា បានចូលរួម និងបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ក្រោយៗរៀនសូត្រតាម។ ជាមួយគ្នានោះសមាកមនារីគ្រប់ថ្នាក់ គ្រប់ផ្នែក បានអនុវត្តគោលការណ៍ទាំង ១១ខ និងលើសពីនេះ គោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ក្នុងផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍ ធានាបាននូវកំណើនសេដ្ឋកិច្ច និងរក្សាបានស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ចល្អប្រសើរ។

ថ្នាក់ដឹកនាំស្ត្រីទាំង២រូប បានសម្តែងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកម្តាយ បងស្រី ប្អូនស្រីទាំងអស់ ដែលបាន លះបង់កូនចៅ ប្តីសី ជាទីស្រឡាញ់ចូលបម្រើជាតិមាតុភូមិ ជាគម្រូដ៏ល្អ និងសូមលំ​​ឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធ ដល់អ្នកទាំងនោះ បានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ សូមគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន​, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងឥស្សរជនសំខាន់ៗ ព្រមទាំងនារី នៃបណ្តាប្រទេសជាមិត្ត សប្បុរសជន ដៃគូអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ ​ដែលបានជួយឧបត្ថម្ភ គាំទ្រដោយស្មោះ ដល់សមាគមនារីគ្រប់ដំណាក់កាល។

ក្នុងឱកាសនោះ សាខាសមាគមនារីខេត្តពោធិ៍សាត់ ក៏បានចែកជូនវត្ថុកំដរដៃ ដល់ថ្នាក់ដឹកនាំសមាគមនារី ដែលបានបំពេញការងារ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ត្រីខ១យួរ, ឃីត១កញ្ចប់ និងថវិកា១០ម៉ឺនរៀល ព្រមទាំងរៀបចំអាហារសាមគ្គីប្រកបដោយបរិយាកាសរីករាយក្រៃលែង៕