កម្ពុជា-វៀតណាម កំណត់ទិសដៅរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន ២០ពាន់លានដុល្លារក្នុងពេលខាងមុខដ៏ខ្លី


(ហាណូយ-វៀតណាម)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានសម្រេចឯកភាពគ្នាដាក់ចេញទិសដៅ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំង២ ឱ្យសម្រេចបានទឹកប្រាក់ ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុន។

ការជំរុញទំហំពាណិជ្ជកម្មនេះ ស្របពេលការនាំចេញនាំចូលរវាងប្រទេសទាំង២ បានរីកធំឡើងទ្វេដងបើធៀបឆ្នាំ២០២០ ជាមួយឆ្នាំ២០២២ កន្លងទៅនេះ។

ថ្លែងក្នុងពិធីលៀងសាយភោជន៍​ស្វា​គមន៍​ដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយឯកឧត្តម ផាម មិញជិញ នា​យក​រដ្ឋ​មន្ត្រី​វៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា-វៀតណាម បានសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីបាន ៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០ ហើយពាណិជ្ជកម្មទ្វេភាគីនេះ មានកំណើនទ្វេដងដល់ជិត ១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ឈរលើកំណើននេះ សម្តេច និងឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅរួមគ្នាជំរុញឱ្យពាណិជ្ជកម្មទ្វេភាគី សម្រេចឱ្យបាន ២០ប៊ីលានដុល្លារក្នុងពេលដ៏ខ្លីខាងមុខ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ជាមួយនឹងទំនុកនយោបាយខ្ពស់រវាងភាគីទាំង២ កម្ពុជា-វៀតណាម យើងនឹងបន្តរួមគ្នាអនុវត្តន៍ឱ្យបានជោគជ័យ នូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀត ដើម្បីជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំង២។ កម្ពុជា និងវៀតណាម មិនត្រឹមតែបានសម្រេចនូវគោលដៅពាណិជ្ជកម្ម ៥ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ប៉ុណ្ណោះទេ ហើយនិន្នាការនេះថែមទាំងបានកើនឡើង ២ដងឈានដល់ជិត១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។ ខ្ញុំ និងឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅពាណិជ្ជកម្មទ្វេភាគី ឈានដល់សម្រេចបាន ២០ប៊ីលានដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ»​

សូជម្រាបថា ផលិតផលដែលវៀតណាមនាំចូលកម្ពុជា មានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ខណៈផលិតផលដែលកម្ពុជានាំចេញទៅវៀតណាមមានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត៕