សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់និស្សិតពាណិជ្ជកម្មវៀតណាម


(ហាណូយ, វៀតណាម)៖ ក្នុងកំលុងទស្សនកិច្ចនៅវៀតណាម សម្តេចធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់និស្សិតរបស់វៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស (Foreign Trade University) នារដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីចក្រភពអង់គ្លេស បានថ្លែងផ្តោតលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនង​សេដ្ឋកិច្ច​រវាងកម្ពុជា និងវៀតណាម។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការ​ទូតផ្លូវ​ការ​ជាមួយ​គ្នា​រយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕