កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានមេគង្គ ប្រកបដោយជោគជ័យ, ក្នុងនាមជាប្រធានប្តូរវេននៃវិទ្យាស្ថានមេគង្គ កម្ពុជាគ្រោងរៀបចំវេទិកាមេគង្គឆ្នាំ២០២៥ (2025 Mekong Forum)


(សៀមរាប)៖ កម្ពុជា បានទទួលភារកិច្ចជាប្រធានក្រុមប្រឹក្សាភិបាលប្តូរវេននៃវិទ្យាស្ថានមេគង្គសម្រាប់រយៈពេលពីរឆ្នាំ ដោយគិតចាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាបានទទួលយកជាបណ្តោះអាសន្ននូវសំណើរបស់សមាជិកក្រុមប្រឹក្សាភិបាលក្នុងការធ្វើជាម្ចាស់ផ្ទះ «វេទិកាមេគង្គឆ្នាំ២០២៥ (2025 Mekong Forum)»

ក្រសួងផែនការ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាស្ថាប័នសម្របសម្រួល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានមេគង្គចាប់ពីឆ្នាំ២០១៥ មក។
ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ក្រសួងផែនការ ត្រូវបានរដ្ឋមន្រ្តីក្រសួងផែនការប្រគល់ភារកិច្ចជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់រយៈពេល៣ឆ្នាំ និងត្រូវធ្វើជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាវិទ្យាស្ថានមេគង្គ។

ក្នុងនាមជាប្រធានប្តូរវេន កម្ពុជាត្រូវទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ២ដង គឺនៅខែធ្នូ ឆ្នាំ២០២៣ និងខែធ្នូ ឆ្នាំ២០២៤។ សមាជិកនៃក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានមេគង្គ មានសមាសភាពតំណាងមកពីប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទាំង៦ គឺកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម រួមទាំងប្រធាននៃសកលវិទ្យាល័យ និងតំណាងដៃគូអភិវឌ្ឍន៍មួយចំនួន។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានមេគង្គឆ្នាំ២០២៣ បានប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារអេមព្រីសអង្គររីសត & ស្ប៉ា ខេត្តសៀមរាប។ ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព និងជំរុញកំណើនទេសចរណ៍នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប កម្ពុជាបានសម្រេចជ្រើសរើសយកខេត្តសៀមរាបសម្រាប់ប្រារព្ធកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ។ លទ្ធផលនៃកិច្ចប្រជុំសម្រចបានជាផ្លែផ្កា គ្របដណ្តប់លើប្រធានបទសំខាន់ៗរួមមាន៖ សមិទ្ធផលសំខាន់ៗរបស់វិទ្យស្ថានមេគង្គ ឆ្នាំ២០២៣ និងអនុសាសន៍នៃការត្រួតពិនិត្យលើរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថាន ២០២១-២០២៥ដែលបានស្នើឡើង, ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ននិងប្រតិបត្តិការ និងការពិនិត្យឡើងវិញនៃផែនការការងារ និងថវិការបស់វិទ្យាស្ថានសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។

នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ក្រសួងផែនការ បានរៀបចំកម្មវិធីពិសាអាហារសាមគ្គី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្សារភ្ជាប់ទំនាក់ទំនងរវាងគណៈប្រតិភូនៃបណ្តាប្រទេសនីមួយៗ និងមានការចូលរួម លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបទទួលបន្ទុកផ្នែកទេសចរណ៍ លោកបណ្ឌិត Narongchai Akrasanee ប្រធានគណៈកម្មាធិការប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ និងលោក Suriyan Vichitlekarn នាយកប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ។

បន្ថែមពីនេះ នាថ្ងៃបន្ទាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចបឹងទន្លេសាប និងការទស្សនាប្រាសាទអង្គរផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានការថ្លែងអំណរគុណនិងកោតសរសើរពីសំណាក់គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានមេគង្គ សម្រាប់ការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាម្ចាស់ផ្ទះ និងការៀបចំនិងដឹកនាំកិច្ចប្រជុំទទួលបានជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងសូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ «វេទិកាមេគង្គឆ្នាំ២០២៥ (2025 Mekong Forum)»