ទេសរដ្ឋមន្ដ្រី ថោង ខុន ផ្ដល់អនុសាសន៍ ៥ចំណុច ដល់សហព័ន្ធកីឡាប៊ូលីង ដើម្បីជំរុញការអភិវឌ្ឍក្នុងអាណត្តិទី២


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ដល់អនុសាសន៍ ៥ចំណុចដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជា ដើម្បីជំរុញវិស័យកីឡាក្មេងខ្ចីមួយនេះឲ្យកាន់តែរីកចម្រើនក្នុងអាណត្តិថ្មីរបស់ខ្លួន។

ការផ្ដល់អនុសាសន៍ខាងលើ ស្របពេលលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូលីងកម្ពុជា អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ នៅថ្ងៃទី១៣ ខែធ្នូនេះ ខណៈអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រលោក លី សៀងហុង បន្ដធ្វើជាប្រធានសហព័ន្ធ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងអាណត្តិទី១ ទោះបីទើបចាប់ផ្ដើមថ្មីថ្មោង ហើយក្នុងកំឡុងវិបត្តិកូវីដ-១៩ តែគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងឆន្ទៈមោះមុតប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអភិវឌ្ឍធនធានអត្តពលិកកីឡាប៊ូលីងកម្ពុជា រហូតបានចូលរួមការប្រកួត និងទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិថែមទៀត។

ឆ្លៀតឱកាសនោះ ឯកឧត្តមបានរំឮកពីសមិទ្ធផលធំៗជាច្រើន ក្នុងវិស័យកីឡា ក្រោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា ដោយសារការគិតគូរគ្រប់ពេលវេលា និងគ្រប់មធ្យោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានធ្វើឲ្យវិស័យកីឡាកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងល្បីល្បាញទាំងលើឆាកជាតិ និងអន្ដរជាតិ ពិសេសជោគជ័យដ៏ត្រចះត្រង់ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ជាមួយគ្នាដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការកំណែទម្រង់ និងកសាងមូលធនមនុស្ស និងលើកកម្ពស់អភិបាលកិច្ចល្អ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះការកែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក៏មានក្នុងវិធានការមុតស្រួច របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្នផងដែរ។

ដូច្នេះដើម្បីរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍កីឡាប៊ូលីង ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បានផ្តល់នូវអនុសាសន៍ណែនាំចំនួន ៥ចំណុច ដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជា សម្រាប់អាណត្តិទី២ រួមមាន៖

១. រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាប៊ូលីង សម្រាប់អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងសូនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តន៍ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រភពធនធានសមស្រប។

២. ពង្រឹងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធ ដោយអនុលោមទៅតាមគោលការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រួមមាន៖ តម្លាភាព “Transparency” គណនេយ្យភាព “Accountability” ដំណើរការប្រជាធិបតេយ្យ “Democratic Process” សាមគ្គីភាព “Solidarity” និងស្វ័យភាព “Autonomy”។

៣. រៀបចំអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់ អត្តពលិកយុវជនថ្នាល និងអត្តពលិកកម្រិតខ្ពស់ (High Performance) ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។

៤. ពង្រឹង និងពង្រីកក្លិបកីឡាប៊ូលីងនៅកម្ពុជាតាមរយៈការជំរុញបង្កើនការចូលរួមសម្រាប់យុវជន ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាប៊ូលីងទាំងបរិមាណ និងគុណភាព។

៥. រៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាប៊ូលីងអន្តរជាតិ។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ូលីងកម្ពុជា អាណត្តិទី២ វិញ គឺមានចំនួន ១១នាក់ ដែលដឹកនាំដោយលោក លី សៀងហុង ជាប្រធាន, លោក អ៊ុក សិទ្ធិជាតិ, លោក ជី សីលា, លោក ប៉ែន វុទ្ធី និងលោក Leon Lim ជាអនុប្រធាន, លោក ឃុន វង្សឺនី អគ្គហេរញ្ញិក, លោក ឆាយ កៀត អគ្គលេខាធិការ និងលោក សុខ អាង ជាអគ្គលេខាធិការរង ព្រមទាំងសមាជិក ៣នាក់ គឺមានលោក ឡាច ច័ន្ទដារ៉ា, អ្នកស្រី ឃួន ស្រីមុំ និងអ្នកស្រី រុន សុភាវី ។

លោក ឆាយ កៀត បានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ ដោយមានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រៅពីការងារសំខាន់ៗ ៣ ដែលត្រូវពង្រឹង រួមមានការងាររដ្ឋបាល ការងារបណ្ដុះបណ្ដាល និងរៀបចំការប្រកួត សហព័ន្ធមានភារកិច្ចដ៏សំខាន់ក្នុងការរៀបចំប្រមូលផ្ដុំក្រុមជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសគឺត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី ដែលម្ចាស់ផ្ទះទាំងពីរ គ្រោងនឹងដាក់កីឡាប៊ូលីងនេះផងដែរ៕