ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងមេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពវៀតណាម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-វៀតណាម នៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី


(រតនគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ត្រី ហឿ វ៉ាន់ទឿង មេបញ្ជាការរង យោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលអគារថ្មី អគារមិត្តភាពកម្ពុជា-វៀតណាម ១ខ្នង នៅក្នុងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តរតនគិរី ដែលជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម។

ឧត្តមសេនីយ៍ត្រី ទៀ វ៉ាន់ទឿង តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានបញ្ជាក់ថា សំណង់មិត្តភាព ដែលជាជំនួយដោយក្រសួងការពារប្រទេសវៀតណាម នឹងមានអត្ថន័យជាក់ស្តែងចំពោះអង្គភាព បង្កលក្ខខណ្ឌងាយស្រួលដល់ជីវភាព និងលើកម្ពស់គុណភាព អនុវត្តន៍ការងាររបស់កម្មាភិបាល នាយទាហានវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីបន្ថែមទៀត រួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ, សណ្តាប់ធ្នាប់ សុវត្តិភាពសង្គម ក្នុងតំបន់ព្រំដែនប្រទេសទាំងពីរ។

លោកបានបន្តថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ធ្វើការអស់ពីកម្លាំងកាយចិត្ត ជាមួយយោធភូមិភាគទី១ និងទី៣ ស្ថិតខេត្តភូមិភាគឦសាន របស់កម្ពុជា ដើម្បីរក្សាបានស្ថិរភាព និងអភិវឌ្ឍន៍ចំណងសាមគ្គីភាព, មិត្តភាពជាប្រពៃណី (អ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង) ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរប្រទេស រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ, និងការអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាពិភពលោក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានចាត់ទុកអគាមិត្តភាពកម្ពុជា-វៀតណាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាសមិទ្ធផលថ្មីមួយថែមទៀត ដែលក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ជូនក្រសួងការពារជាតិ នៃ ពរះរាជាណាចក្រកម្ពុជា បន្ទាប់ពីអគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ជាម មិ ញ ជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីលទ្ធផលជាផ្លែផ្កា កើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងវៀតណាម សម្រាប់ឆ្នាំ២០០៣នេះ និងជាការចូលរួមអបអរសាទរជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រី លើកទី១ ចំនួន៣ប្រទេស គឺកម្ពុជា-ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សំដៅរួមចំណែកបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសង្កត់ធ្ងន់ថា ការរៀបចំសម្ពោធអគារមិត្តភាពកម្ពុជា-វៀតណាមនាថ្ងៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអបអរសាទរនូវសមិទ្ធផលនានា ដែលកងទ័ពប្រទេសទាំងពីរសម្រេចបាននាពេលកន្លងមក ក្នុងស្មារតី លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម គ្រប់ជ្រុងជ្រោយ និងបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ កសាងខ្សែព្រំដែនកម្ពុជា-វៀតណាម មានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព សំដៅរួមគ្នាសហការអភិវឌ្ឍ គ្រប់គ្រង រក្សាការពារតំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកទេសនាពេលខាងមុខ ដែលជានិមិត្តរូបនៃចំណងសាមគ្គីភាពស្អិតរមួតរវាងប្រជាជាតិ និងប្រទេសយើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោយពីការរៀបចំពិធីសម្ពោធអគារនាថ្ងៃនេះ កងទ័ពនៅតាមព្រំដែនប្រទេសទាំងពីរ នឹងបន្តលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាមស្មារតីមិត្តភាពជាប្រពៃជា ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលថ្មីៗនេះ៕