ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ប្រវែង៤,៥០០ម៉ែត្រ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៏ជនបទ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ប្រវែងសរុប៤,៥០០ម៉ែត្រ និងលូកាត់ផ្លូវ ចំនួន៤កន្លែង ស្ថិតនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីតភ្ជាប់ទៅទីប្រជុំ។ ដោយមើលឃើញថា ផ្លូវជនបទ គឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ជួយសម្រួលការធ្វើចរាចរណ៍ ដឹកទំនិញកសិផលពីតំបន់មួយ ទៅតំបន់មួយ ហើយចំណុចមួយទៀត ផ្តោតលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល១០០% លើការសាងសង់ផ្លូវថ្មី ចំនួន១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ ដែលទទឹងខ្នងលើ ៧ម៉ែត្រ និងបាតក្រោមដីស ១០ម៉ែត្រ។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ បានសម្តែងការកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោងផ្លូវនេះ ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលសាងសង់ផ្លូវថ្មី១ខ្សែនេះ ហើយបានថ្លែងអំណរគុណដល់កងវិស្វរកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានស្ថាបនា លូកាត់ផ្លូវបន្ថែម ចំនួន៣កន្លែងទៀត ក្រៅកិច្ចសន្យាសាងសង់ផ្លូវថ្មីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះឲ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឲ្យជាប់បានយូរងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕