អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បង្ហាញជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លា


(ភ្នំពេញ)៖ ឯកឧត្តម ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទ​អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម ជុង អ៊ីយ៉ុង លើកឡើងបែបនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម។ ឯកឧត្តម ជុង អ៊ីយ៉ុង បានបង្ហាញក្តីរីករាយ​ដែលលោកបានអញ្ជើញមកកម្ពុជាសាជាថ្មី។

អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបង្ហាញការកត់សម្គាល់មួយចំនួនលើការអភិវឌ្ឍរីកចម្រើន​យ៉ាង​ឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ លោកបានជម្រាប​សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ច​សហប្រតិ​បត្តិ​ការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។

ក្នុងឱកាសនោះ ឯកឧត្តម ជុង អ៊ីយ៉ុង បានកោតសរសើរ និងអរគុណកម្ពុជា ដែលជាប្រទេសទីមួយ បាន​ទទួល​ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ២០១០ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះ អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក៏បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំប្រកប​ដោយ​កិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាបន្តការអភិវឌ្ឍរបស់ខ្លួន​កាន់តែខ្លាំង​ក្លា​ទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកអតីតរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង និងជាប្រធាន ICAPP និងបានចូលរួមអបអរសាទរជូនចំពោះលោក ជុង អ៉ីយ៉ុង ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។

សម្តេចធិបតី បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តា​អា​ណត្តិ​ក​ន្លងមក ជាប់រហូតមកដល់អាណត្តិទី៧ នេះផងដែរ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់​អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួម​ចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបានបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូច​ជា​បានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី​១២ និងកិច្ចប្រជុំពាក់ព័ន្ធនាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។

សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ ក៏ដូចជាការ​ធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១»«កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» និង «វិធានការ​គន្លឹះ​ចំនួន​៥» ដែលសុទ្ធតែយកប្រជាជនជាស្នូល តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់, ការលើកកម្ពស់​កម្ម​វិធី​ជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងគុណភាពសេវាអប់រំជាដើម៕