អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តទីលានសង្គ្រោះដល់មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រគល់រថយន្តគីលានសង្គ្រោះ ចំនួន២គ្រឿង ក្នុងនោះប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ១គ្រឿង។

រថយន្តគិលានសង្គ្រោះ២គ្រឿងនេះ ជាអំណោយរបស់សមាគមនីកាយ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្តល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ហើយឯកឧត្តមបានធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដោយពិធីប្រគល់ទទួលនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមនីកាយ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់ជូននូវរថយន្ដសង្គ្រោះ២គ្រឿង មករដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្តដល់មន្ទីរពេទ្យបង្អែកនៃស្រុកព្រៃឈរ និងស្រុកជើងព្រៃ ជាប្រយោជន៍សម្រាប់ដឹកសង្គ្រោះប្រជាពលរដ្ឋ៕