ក្រសួងទេសចរណ៍បណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់យុវជន ៤,១០៦រូប នៅឆ្នាំ២០២៣ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានផ្ដល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបចំនួន៤,១០៦រូប ក្នុងឆ្នាំ២០២៣ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Christian DISLER នាយករងទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) លោក Christian Volker Ide នាយកគម្រោងអភិវឌ្ឍជំនាញ នៃអង្គការស្វីសខន់ថាក់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងទីភ្នាក់ងារស្វីស SDC អង្គការស្វីសខន់ថាក់ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនសរុបប្រមាណ១០០រូប នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្របតាមស្មារតីនៃអនុសារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា មន្ទីរទេសចរណ៍ខេត្ត និងអង្គការស្វីសខន់ថាក់ ចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍជំនាញ ចាប់ពីខែមករា ឆ្នាំ២០២១។ គម្រោងអភិវឌ្ឍជំនាញដែលគាំទ្រដោយទីភ្នាក់ងារស្វីស SDC មានរយៈពេល១២ឆ្នាំ ដោយបានអនុវត្តដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៦-២០២០ និងកំពុងអនុវត្តដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ហើយនឹងចាប់ដំណើរការអនុវត្តដំណាក់កាលទី៣ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ចប់គម្រោងនៅឆ្នាំ២០២៨ខាងមុខ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគម្រោងបណ្ដុះបណ្ដាល HoKa បានឱ្យដឹងថា «ក្រោមកិច្ចសហការជាមួយអង្គការស្វីសខន់ថាក់ ក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២នេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាបានចំនួនសរុប៤,១០៦នាក់ (ស្រី២,៥៥៣នាក់)»

លោក ជួប រតនា បានបន្តថា យុវជនទាំងនេះទទួលបានការបណ្ដុះបណ្ដាលលើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ហូកា នៅតាមបណ្តាខេត្តគោលដៅគម្រោងចំនួន១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ រហូតបានផ្តល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់យុវជនក្រីក្រងាយរងគ្រោះសរុបចំនួនសរុប៤,១០៦នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) បានគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមថ្មីបង្កើន៥ និងអភិវឌ្ឍ៣ ជាពិសេសក្នុងមុំ D1-អភិវឌ្ឍធនធានមនុស្ស។

បើតាមការបន្ថែមរបស់លោក ជួប រតនា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា កំពុងរៀបចំផែនទីបង្ហាញផ្លូវការបណ្តុះបណ្តាល ហូកា (HoKa Roadmap) ២០២៤-២០២៨ ដើម្បីជាចលករចូលរួមសំខាន់ ក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈដោយផ្តោតលើកម្មវិធីអាទិភាពចំនួន ៦ រួមមាន៖ (១) ការវិភាគតម្រូវការជំនាញ និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ (២) ជំរុញការបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលឆ្លើយតបទៅនឹងទីផ្សារការងារ (៣) លើកកម្ពស់គុណភាពការបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូ (៤) ជំរុញភាពជាដៃគូរជាមួយវិស័យឯកជន និងដៃគូរពាក់ព័ន្ធ (៥) ផ្សព្វផ្សាយជំនាញវិជ្ជាជីវៈដល់ស្រទាប់យុវជន និង(៦) កសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍។ ផែនទីបង្ហាញផ្លូវនេះ គឺជាឯកសារគន្លឹះសម្រាប់ចង្អុលបង្ហាញពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ក្នុងដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ដែលជាឆ្នាំចាកចេញរបស់គម្រោងអភិវឌ្ឍជំនាញ៕