អភិបាលរាជធានីភ្នំពេញ ណែនាំនគរបាលចរាចរណ៍បញ្ឈប់ការស្លៀកស៉ីវិល ដើម្បីស្ទាក់ចាប់យានយន្ដល្មើសច្បាប់ តែត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ដ្រីនគរបាលចរាចរណ៍ ត្រូវបញ្ឈប់ការស្លៀកស៉ីវិលឈរពួនស្ទាក់ចាប់យានយន្ដដែលល្មើសច្បាប់ ពោលត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោក ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នា ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ឯកឧត្តមថា ការងារសន្តិសុខ ជាការងារដែលត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ ដែលត្រូវអនុវត្ត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធីសប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។

ក្នុងនោះ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរខណ្ឌនៅជាប់ព្រំប្រទល់ខេត្តកណ្តាល ត្រូវសហការជាមួយស្រុក ខេត្តជាប់ព្រំប្រទល់គ្នា ដើម្បីរក្សាឲ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានដាក់បញ្ជាឲ្យពង្រឹងលើវិធានការទប់ស្កាត់បង្ក្រាប ក្មេងទំនើង តាមទីសាធារណៈ ក៏ដូចនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយអាជ្ញាធរ និងសមត្ថកិច្ច និងការដាក់កម្លាំងនៅទីតាំងណា ដែលមានហានិភ័យ។

បន្ថែមពីនេះ ឯកឧត្តមណែនាំដល់អភិបាលខណ្ឌ ចុះពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សាងសង់ នៅតាមការដ្ឋានសាងសង់ក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេ សំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ លោកបន្តថា ត្រូវពិនិត្យឡើងវិញ ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យការផ្តល់សេវាតាមច្រកចេញ ចូលតែមួយ កាន់តែល្អប្រសើរ ទទួលបាននូវការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការត្រៀមរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ។

ដោយឡែក អាជ្ញាធរក៏ត្រូវត្រៀមកម្លាំង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ នៅថ្ងៃខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបាយ ឈ្នះឈ្នះ ថ្ងៃ២៩ ធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាគ្រប់អាជ្ញាធរត្រូវត្រៀមកម្លាំង ដើម្បីរក្សាសណ្តាប់ធ្នាប់ ក្នុងពេលចូលឆ្នាំសកល ពិសេសបុណ្យ ៧ មករា រំលឹកខួបទី៤៥ឆ្នាំ នៃការរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត៕