អភិបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤


រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តលើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីរួមគ្នាវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាដ៏មានប្រសិទ្ធភាពបំផុត នោះគឺយុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំណុចជាសំខាន់ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងយុទ្ធសាស្រ្តអាទិភាពទាំង៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបទល្មើសនានាឱ្យខាងតែបាន។

ឯកឧត្តមបញ្ជាក់បន្ថែមថា ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ និងបញ្ហាគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់និងផុលផុស។

លើសពីនេះ ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

គណៈអធិបតីបានធ្វើការប្រគល់ជូនប័ណ្ណសរសើរជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញការងារ ទទួលបានស្នាដៃលទ្ធផលការងារបានយ៉ាងប្រសើររយៈពេលពេញ១ឆ្នាំកន្លងទៅនេះ៕