សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បឹងជើងឯក បានប្រែក្លាយពីកន្លែងសម្លាប់មនុស្សប្រមាណ ២ម៉ឺននាក់ នៅក្នុងរបប ប៉ុល ពត ក្លាយទៅជាកន្លែងជួបជុំ និងអភិវឌ្ឍន៍រស់រវើកក្នុងសម័យសុខសន្តិភាព


(ភ្នំពេញ)៖ ថ្លែងចេញពីវេទិកានាតំបន់បឹងជើងឯក ជាកន្លែងវាលកប់ខ្មោច, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹថា បឹងជើងឯក បានប្រែក្លាយពីកន្លែងដែលគេសម្លាប់មនុស្សប្រមាណ២ម៉ឺននាក់ នៅក្នុងរបប ប៉ុលពត ក្លាយទៅជាកន្លែងជួបជុំ និងអភិវឌ្ឍន៍រស់រវើកក្នុងសម័យសុខសន្តិភាព។

ការលើកឡើងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តំបន់បឹងជើងឯក ជាកន្លែងវាលកប់ខ្មោច កាលពីរបបខ្មែរក្រហម ប៉ុន្តែក្រោមម្លប់សន្តិភាព តំបន់នេះ កំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើក របស់រាជធានីភ្នំពេញ។ នេះជាការថ្លែងដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងថា ទីតាំងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកង្វក់ក្នុងរាជធានីភ្នំពេញ ប្រសិនបើនាំគ្នាក្រឡេកទៅមើលីអតីតកាលតំបន់នេះ ហើយបើនិយាយពីគុកទួលស្លែង និងបឹងជើងឯកនោះ ប្រហែលប្រជាពលរដ្ឋគ្រប់គ្នា ស្រម៉ៃឃើញគ្រោងឆ្អឹងសាកសពជនរង់គ្រោះដែលត្រូវបានសម្លាប់ចោលនៅក្នុងរបស់វាលពិឃាត ខ្មែរក្រហម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាយ៉ាងដូច្នេះថា៖ «អ៊ុំ ពូ មីង បង ប្អូនថ្ងៃនេះមើលជុំវិញខ្លួនមើលបូកចូលគ្នាប្រហែលខ្ទង់ ៣ពាន់នាក់ជាង យកចំនួនហ្នឹងគុណនឹង៧ ឃើញ២ម៉ឺននាក់ ចំនួន២ម៉ឺននាក់ គឺចំនួនដែលអ្នករង់គ្រោះត្រូវបានគេយកមកវ៉ៃចោលនៅកន្លែងហ្នឹង ជំនាន់អា ពត យកពីគុកទួលស្លែងមកវ៉ៃចោលនៅកន្លែងហ្នឹង ២ម៉ឺននាក់ […] កន្លែងនេះពីមុនគេហៅថាព្រៃខ្លោច អញ្ចឹងយើងឃើញប្រែប្រួលកន្លែងកប់ខ្មោច២ម៉ឺននាក់ ត្រូវគេយកមកផ្តាច់ជីវិតកន្លែងនេះ ថ្ងៃនេះគឺជាកន្លែងដែលរស់រវើក…!»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការសោកស្តាយ និងយល់ឃើញថា ប្រសិនបើកម្ពុជាគ្មានសង្គ្រាមនោះអាយុជីវិតប្រជាពលរដ្ឋ ២ម៉ឺននាក់នេះ ក៏មិនត្រូវគេយកមកសម្លាប់ចោលនោះដែរ ហើយមនុស្ស ២ម៉ឺននាក់ ដែលបានបាត់បង់ជីវិតនេះច្បាស់ណាស់នឹងបង្កើតធនធានមនុស្សជាច្រើនបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋ២ម៉ឺននាក់ ត្រូវបានគេចាប់ពួកគាត់មកសម្លាប់ចោលនៅបឹងជើងឯកនេះ ដោយសារតែបង្កឡើងដោយអ្នកនយោបាយកាលពី ៥៣ឆ្នាំមុន ដោយសារសង្គ្រាមផ្ទុះឆ្នាំ១៩៧០ ក្រោយពីការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបង្កជាភ្លើងសង្គ្រាមឆេះឡើងនៅក្នុងទឹកដីកម្ពុជា រហូតធ្វើឱ្យខ្មែរដណ្តើមអំណាចដឹកនាំប្រទេសកម្ពុជា និងឈានទៅសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា «បើគ្មានសង្គ្រាមផ្ទុះក្នុងទសវត្សទី៧០ គេមិនអាចចាប់គាត់២ម៉ឺននាក់ ហើយគ្មានខ្មែរក្រហម មកត្រួតត្រាហើយយក២ម៉ឺននាក់ មកវ៉ៃចោលនៅកន្លែងនេះនោះទេ នេះជាការពិត។ ប៉ុន្តែ បើយើងងាកត្រឡប់ក្រោយដឹងពីកន្លែងនេះ បានយើងស្ញប់ស្ញែង ប្រែក្លាយពីកន្លែងដែលគេយក ២ម៉ឺននាក់មកវ៉ៃចោល កន្លែងដែលស្ងាត់ជ្រងំឆ្នាំ១៩៧៩ កន្លែងកប់ខ្មោច ទៅជាកន្លែងដែលរស់រវើក»

សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានបន្តថា តំបន់បឹងជើងឯក ប្រសិនបើមើលនៅពេលបច្ចុប្បន្ននោះគិតថា ជាកន្លែងធម្មតា ប៉ុន្តែ បើក្រឡេកមើលពីអតីតកាលតំបន់នេះជាបឹង ប៉ុន្តែ បច្ចុប្បន្ននេះ​ទីតាំងនេះត្រូវបានស្ថាបនាផ្លូវជាច្រើនខ្សែរួចហើយ។ ដូច្នេះ ក្រោមម្លប់នេះសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បានប្រែក្លាយកន្លែងព្រៃខ្មោចទៅជាកន្លែងដែលរស់រវើក កន្លែងដែលសេដ្ឋកិច្ច កន្លែងដែលរដ្ឋាភិបាលកម្ពុជា និងជប៉ុន សម្ពោធសមិទ្ធផលជានិម្តិតរូបនៃចំណងការទូតរវាងប្រទេសទាំងពីរឱ្យរស់រវើកឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តំបន់បឹងជើងឯក នឹងក្លាយជាទីតាំងប្រព្រឹត្តកម្មទឹកកង្វក់ជួយដល់បរិស្ថាន និងផាសុកភាពប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចង់ចាំករណីពិសេសកើតមានឡើងនេះដោយសារសុខសន្តិភាព បើកម្ពុជា បន្តមានសង្គ្រាមនោះប្រជាពលរដ្ឋនឹងជួបទុក្ខវេទនា ដូចអតីតកាល ដូចនេះសូមប្រជាពលរដ្ឋបន្តរួមគ្នារក្សាសុខសន្តិភាព នៅកម្ពុជាឱ្យបាន ដើម្បីកុំឱ្យភាពជូរចត់ពីអតីតកាលវិលមកបំផ្លាញកម្ពុជាបានជាដាច់ខាត៕