សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានី-ខេត្តទាំអស់ បន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ឱ្យបាននូវការប៉ុនប៉ងបង្ក​ភាពវឹកវរ និងអសន្តិសុខសង្គម


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា បានណែនាំដល់អាជ្ញារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ និងបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈ ​ព្រមទាំងការគ្រប់គ្រងសភាពការណ៍មូលដ្ឋាន ដើម្បី​ទប់ស្កាត់បានទាន់ពេលវេលា ​នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលវ៉ឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសកលឆ្នាំ២០២៣ខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

​ស្របពេលពិធីឆ្លងឆ្នាំសកលនឹងខិតខំចូលមកដល់នៅរយៈពេល៤ថ្ងៃខាងមុខ សម្តេចបានណែនាំ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានាត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍មូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលវ៉ឹកវរ និងអសន្តិសុខក្នុងសង្គម​ និងត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យមានភាពសប្បាយរីករាយ។

សម្តេចបានមានប្រសាសន៍បន្តថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីផ្តល់ការណែនាំឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ ប្រឆាំងនឹងបទល្មើសគ្រប់បែបយ៉ាង ​ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសប្រឆាំងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីជួយធ្វើយ៉ាងណាលុបបំបាត់នូវភាពអសកម្ម និងហានិភ័យដល់ប្រជាពលរដ្ឋយើង ដើម្បីរក្សា​រាជធានីភ្នំពេញជាកន្លែងដែលរស់នៅដោយផាសុភាព និងសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តរបស់យើង»

ទន្ទឹមគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ​នៅ​បណ្តាខណ្ឌសង្កាត់ទាំងអស់​ក្នុងរាជធានីភ្នំពេញ ​កងកម្លាំងប្រដាប់អាវុធ​ និងប្រជាការពារ ដែលបានខិតខំយកចិត្តទុកដាក់ នៅក្នុងការបម្រើប្រជាពលរដ្ឋទាំងក្នុងសេវាសាធារណៈ ទាំងសន្តិសុខ សណ្តាប់ធ្នាប់សង្គម​។ ជាពិសេសបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាព ប្រែក្លាយតំបន់មួយជាតំបន់ដែលងងឹតឈឹងទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ មានភ្លើងបំភ្លឺផ្លូវ​ មានការ​អភិវឌ្ឍន៍ រួមទាំងស្ថេរភាពសង្គម។ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រមាណ៥លាននាក់មកកម្សាន្ត អាជ្ញាធរទាំងអស់បានខិតខំប្រែងពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈ ដែលធ្វើឱ្យពិធីបុណ្យនេះប្រពឹត្តទៅដោយមិនមានបញ្ហាអ្វីឡើយ​៕