(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន៥៣១/៥៦៣ករណី ថយចុះ៣២ករណី ស្មើនឹង៥.៧% ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះសរុបចំនួន៤៥៩ករណី ស្មើនឹង៨៦.៤៤%នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាពនិងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច។
ការងារកិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៩១ ករណី ក្នុងនោះសំណុំរឿងចំនួន៣៤ករណីបានដោះស្រាយចប់សព្វគ្រប់ និងសំណុំរឿងចំនួន៥៧ករណីទៀតកំពុងពិនិត្យ និងបញ្ជូនទៅអង្គភាពពាក់ព័ន្ធដើម្បីដោះស្រាយ។
បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល៦ឆ្នាំ (២០១៨-២០២៣) និងបានបិទបញ្ចប់គម្រោងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះទាំងអនុសកម្មភាពទី១ និងអនុសកម្មភាពទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក
ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំងជាបន្តបន្ទាប់ គម្រោងនេះត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅវាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួនប្រមាណ៥៦,៦៧៧នាក់ និងដោយប្រយោលប្រមាណ២២ម៉ឺននាក់។
បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញសរុបចំនួន៦៥,៦៩៨សេវា ពោលគឺជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញចំនួន១៨០សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋចំនួនជិត២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ៦.៥៨នដុល្លាអាមេរិក។
ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល ក្នុងនោះជើងហោះហើរសរុបមានចំនួន៨,៧៤០ជើង កើនឡើង៣១.៦៤% និងអ្នកដំណើរសរុបមានចំនួន១,៥៤៣,២៦៩នាក់ កើនឡើង១០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២កន្លងទៅ។
បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះនៅរាជធានីភ្នំពេញមានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១,៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិកបន្ថែមទៀត។
ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន៧៦៣រោងចក្រ ក្នុងនោះរោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប៦,៥៩៣លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល២ឆ្នាំចុងក្រោយនេះ៕