យុវជនក្រីក្រម្នាក់ លើកឡើងថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាយាន្តជួយគ្រួសារក្រីក្រ


(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារ បានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្រោមគម្រោងថ្នាក់ជាតិស្តីពី ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។

ក្នុងនាមជាសិស្សក្រីក្រម្នាក់យុវជន ឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យ ដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។

ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ បានអគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឱ្យគេ មកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យផ្សេងទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

យុវជនរូបនេះ មានដើមកំណើតមកពីខេត្តកំពង់ធំ ឈ្មោះ ឃា សុគុន មានក្តីស្រម៉ៃចង់កា្លយជាម្ចាស់អាជីវកម្មតូចមួយ នៅស្រុកកំណើតដោយយកជំនាញ ដែលបានសិក្សានៅភ្នំពេញជាយាន្ត។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕