៣ខែមកនេះ រដ្ឋសភានីតិកាលទី៧ បានធ្វើការយ៉ាងស្វាហាប់ដើម្បីបម្រើសេចក្តីសុខ និងផលប្រយោជន៍ប្រជាជន


(ភ្នំពេញ)៖ ដោយផ្តើមដំណើរកាលពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភា នីតិកាលទី៧ បានបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ ដោយរយៈពេលជាង៣ខែ។

រយៈពេល៣ខែមកនេះ រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា បានធ្វើសកម្មភាពការងារយ៉ាងសកម្មខិតខំធ្វើការយ៉ាងណាឱ្យសកម្មស្វាហាប់ និងយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន និងធ្វើការងារដើម្បីបម្រើប្រជាជន។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមាន៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានាបានចំនួន១៨លើក។ អនុម័តច្បាប់បានចំនួន៧ និងទទួលពាក្យបណ្តឹង និងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី។

ឯកឧត្តមបានឱ្យដឹងថា សកម្មភាពរបស់រដ្ឋសភា មានភាពសកម្មស្វាហាប់ដូចខាងរាជរដ្ឋាភិបាលដែរ ដោយសារខាងរាជរដ្ឋាភិបាល បានប្តូរជំនាន់នៅក្នុងការគ្រប់គ្រង ដោយអ្នកជំនាន់ចាស់បានប្រគល់ភារកិច្ចដឹកនាំមកអ្នកជំនាន់ថ្មី។ ក្នុងរយៈពេលជាង៣ខែនេះ អ្នកជំនាន់ថ្មីសកម្មធ្វើការងារខ្លាំងនៅក្នុងការបម្រើជាតិមាតុភូមិ។ ខាងសភាក៏ដូចគ្នាដែរ គឺនឹងធ្វើការឱ្យមានស្មារតីដូចគ្នា ខិតខំធ្វើការយ៉ាងណាឱ្យសកម្មស្វាហាប់ ហើយយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជនអ្វីៗទាំងអស់ គឺធ្វើការដើម្បីបម្រើប្រជាជន។

នាឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា៖ «ភារកិច្ចរដ្ឋសភា និងរដ្ឋាភិបាលខុសគ្នា គឺខាងរាជរដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួន ដោយគិតទៅដល់ជនក្រីក្រ អ្នកងាយរងគ្រោះរកការងារជូនប្រជាជនធ្វើអភិវឌ្ឍន៍សេដ្ឋកិច្ចកុំឱ្យមានវិបត្តិ គឺរាជរដ្ឋាភិបាលធ្វើការខ្លាំងណាស់ ហើយលទ្ធផលក៏បានល្អដែរ។ ចំណែករដ្ឋសភាវិញមានស្មារតីធ្វើការប្រហាក់ប្រហែលគ្នា គឺរដ្ឋសភាចាប់ផ្តើមធ្វើការពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣មក គឺធ្វើការស្ទើរតែទាំងអស់»

ក្រៅពីនេះ សម្តេចក៏បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសភូមិផងរបងជាប់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងវៀងចន្ទន៍ផងដែរ។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុម័តច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦​​ និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក។

បន្ថែមពីនេះ នៅក្នុងរយៈពេល៣ខែ រដ្ឋសភា បានទទួលពាក្យបណ្តឹង និងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី និងបញ្ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ៤៤រឿង កំពុងពិនិត្យសិក្សាចំនួន៦១រឿង ព្រមទាំងទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួង ស្ថាប័ន មានចំនួនចំនួន១៤រឿង។ ក្នុងចំណោមបណ្តឹងទាំង ១០៦ មានចំនួន៨០ភាគរយ ជាទំនាស់ដីធ្លី និងមួយចំនួនទៀតពាក់ព័ន្ធនឹងការមិនសុចិត្តទៅនឹងការសម្រេចរស់តុលាការ និងការសំណូមពរផ្សេងៗទៀត។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រដ្ឋសភាមានគណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹង ដែលគណៈកម្មការនេះទទួលបន្ទុកដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលមានទំនាស់ផ្សេងៗ៕