នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួងចុះត្រួតពិនិត្យការដ្ឋានស្តារឡើងវិញប្រព័ន្ធប្រឡាយមេ កុមារ ជំហានទី ៣ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ជូនថា ប្រឡាយមេកុមារជំហានទី ៣ នេះ មានតួនាទីជាប្រឡាយដោះទឹកពីតំបន់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មផង តំបន់ស្ទឹងត្រពាំងក្រសាំងផង តំបន់ស្ទឹងស្រែងផង និងមានតួនាទីជាប្រឡាយស្រោចស្រពផង ។ ការស្តារឡើងវិញប្រឡាយមេ កុមារ ជំហានទី ៣ ក៏នឹងធ្វើឱ្យលទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម កើនឡើងដល់ ១០ ម៉ឺន ហិកតា ផងដែរ ។
ទន្ទឹមនឹងការពិនិត្យលទ្ធផលការងារនាពេលនេះ ក្រុមការងារក៏បានពិនិត្យបន្ថែមនូវការងារសម្រាប់ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម នៅឆ្នាំក្រោយ ដែលមានទំហំការងារសំខាន់ៗ ដូចជា ៖
– ស្តារឡើងវិញលើប្រព័ន្ធប្រឡាយមេ គោករំចេក ប្រព័ន្ធប្រឡាយមេ គោកតាសុខ ប្រព័ន្ធប្រឡាយមេ ទានកាំបុស្បូវ និងធ្វើអនុត្តរភាពលើប្រព័ន្ធប្រឡាយមេកុមារ ដែលរួមមាន ប្រព័ន្ធប្រឡាយរង និងប្រឡាយជើងក្អែបជាច្រើនខ្សែ សរុបប្រវែងប្រមាណ ២០០ គម ដើម្បីបញ្ជូនទឹកឱ្យចូលដល់ដីស្រែរបស់បងប្អូនប្រជាកសិករ ។
– សាងសង់ទំនប់ស្ទាក់ទឹក និងទំនប់បង្ហៀរបន្ថែមលើស្ទឹងត្រពាំងក្រសាំង និងស្ទឹងស្រែង ដើម្បីទាញទឹកយកមកប្រើប្រាស់ផង និងបង្វែរយកទៅស្តុកទុកក្នុងអាងត្រពាំងថ្មបន្ថែមទៀតផង ដើម្បីបង្កើនលទ្ធភាពស្រោចស្រពរបស់អាងទឹកត្រពាំងថ្ម ឱ្យកើនដល់ ១៥០.០០០ ហិកតា ៕