នាយឧត្តមសនីយ៍ វង្ស ពិសេន៖ កងទ័ពមិនត្រូវពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដាច់ខាត បើរកឃើញទោះថ្នាក់នាយឧត្តមសេនីយ៍ ក៏ត្រូវបណ្តេញចេញពីក្របខណ្ឌ


(កំពង់ស្ពឺ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់យ៉ាងដាច់ណាត់ថា កងទ័ពទាំងអស់ មិនត្រូវពាក់ព័ន្ធការប្រើប្រាស់ជួញដូរ និងផ្តល់ទីតាំងសម្រាប់ផលិតគ្រឿងញៀនជាដាច់ខាត បើរកឃើញទោះកម្រិតថ្នាក់នាយឧត្តមសេនីយ៍ ក៏ត្រូវបណ្តេញចេញពីជួរកងយោធពលខេមរភូមិន្ទ និងត្រូវទទួលទោសតាមផ្លូវច្បាប់។

ការបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម (ត្មាតពង) នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤)។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសង្កត់ធ្ងន់ៗថា «កងយោធពលខេមរភូមិន្ទ មិនឱ្យជួញដូរគ្រឿងញៀន បើអ្នកជួញដូរគ្រឿងញៀន កុំថាឡើយយុទ្ធជន សូម្បីតែនាយឧត្តមសេនីយ៍ ក៏ត្រូវតែទទួលទោសទណ្ឌដូចគ្នា ជាប់គុក ហើយនឹងបណ្តេញចេញពីកងយោធពលខេមរភូមិន្ទ ខ្ញុំតាំងពីនាយឧត្តមសេនីយ៍ រហូតចុះមកដល់យុទ្ធជន»

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន​ បានឱ្យដឹងថា បទបញ្ជានេះមានយូរហើយ ត្រូវតែថែរក្សាឱ្យបាននូវសុខមាលភាពរបស់ខ្លួនឯង មិនអនុញ្ញាតឱ្យកងទ័ពរបស់យើង ប្រើប្រាស់ ឬមួយក៏ជួញដូរគ្រឿងញៀនទេ គឺហាមដាច់ខាត និយាយហើយ និយាយទៀត កងទ័ពបើមានការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីកងយោធពលខេមរភូមិន្ទ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេស ក៏បានគូសបញ្ជាក់ធ្ងន់ៗថា សម្រាប់កងទ័ពដែលប្រើប្រាស់គ្រឿងញៀនហើយ បែរជាឆ្លើយថាខ្លួនជាជនរងគ្រោះនោះទេ ដោយសារគ្រឿងញៀននោះទេ។ ចំពោះទោសនេះ បើនៅកម្រិតស្រាលគឺត្រូវបណ្តេញចេញពីក្របខណ្ឌ។ «ហើយថ្មីៗនេះ ខ្ញុំឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺកងទ័ពជើងទឹក ដែលបានបណ្តេញចេញពីកងយោធពលខេមរភូមិន្ទ មានទាំងវរសេនីយ៍ ទាំងអនុសេនីយ៍ ជាបន្តបន្ទាប់ដោយសារការប្រើប្រាស់គ្រឿងញៀន»

បន្ថែមពីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ក្នុងនាមជាកងទ័ពមិនអនុញ្ញាតជាដាច់ខាត ផ្តល់ទីតាំងដីឯកជន និងដីសមហភាព ផ្តល់ទៅឱ្យជនឧក្រិដ្ឋសម្រាប់ធ្វើជាទីតាំងផលិតគ្រឿងញៀនជាដាច់ ទោះស្ថិតនៅក្នុងរូបភាពណាក៏ដោយ។ ពោះករណីនេះប្រសិនបើមានកងទ័ពណាម្នាក់ហ៊ានលួចលាក់ប្រព្រឹត្តបទល្មើសនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់។

គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពេលថ្មីនេះ ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចធិបតីបានថ្លែងថា ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរួចហើយថា មន្ត្រីនគរបាលណា ដែលធ្វើតេស្តរកឃើញគ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ ដោយឡែកសម្រាប់ក្នុងក្របខណ្ឌកងទ័ព ក៏មានការអនុវត្តបណ្តេញទាហានណា ដែលរកឃើញសារធាតុផងដែរ ចាប់តាំងពីឆ្នាំ ២០១៩មកម្ល៉េះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះកងកម្លាំងប្រដាប់អាវុធណា ដែលជួញដូរគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌ និងប្រឈមចំពោះមុខច្បាប់៕