ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ


(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណសង្គ្រោះ៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធនិវត្តន៍ នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១០

ខែមករា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក ក្រូច ឆែម អាយុ៦២ឆ្នាំ ចូលបម្រើកងទ័ព ក្នុងឆ្នាំ១៩៨៣ នៅអង្គភាពផ្នែកសឹករងប្រាសាទ សំបូរ ខេត្តកំពង់ធំ។ លោកបានត្រូវក្រសួងការពារជាតិ ដាក់ឲ្យចូលនិវត្តនៅឆ្នាំ២០១១ ហើយលោកបានទទួលមរណភាពដោយរោគាពាធ នាពេលកន្លងទៅថ្មីៗនេះ នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក ក្រូច ឆែម ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ និងប្រជាជនហើយសូមបួងសួងដល់ វិញ្ញាណក្ខន្ឋលោក ក្រូច ឆែម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, ក្រុមការងារបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយ នូវរាល់ការលំបាករបស់បងប្អូន អតីតយុទ្ធជនយើង មានដូចជាការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ធជន យើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល សម្រាប់ធ្វើបុណ្យសព គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការធ្វើបុណ្យសព ឲ្យបានសមរម្យ និងឲ្យទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះ បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីជាតិចំនួន២កេស ទឹកត្រីទឹស៊ីអ៊ីវ ចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅថ្ងៃនេះផងដែរ៕