គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង បើកកិច្ចប្រជុំ ស្តីពីការបិទបញ្ជីបោះឆ្នោតដំបូង និងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់


(កោះកុង)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្តីពីការបិទបញ្ជីបោះឆ្នោតដំបូង និងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានលោក ហាក់ ឡេង អភិបាលរងខេត្ត និងមានចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើការរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ដែលមាន៤គណបក្សចូលរួម៖

១៖ គណបក្សប្រជាជនកម្ពុជា
២៖ គណបក្សឆន្ទះខ្មែរ
៣៖ គណបក្សហ៊្វុនស៊ិនប៉ិច
៤៖ គណបក្សកម្លាំងជាតិ។

លោក ហាក់ ឡេង បានលើកឡើងថា ក្នុងកិច្ចប្រជុំនេះ បានផ្សព្វផ្សាយនូវសេចក្តីណែនាំ ដែលខ្លឹមសារដូចខាងក្រោម៖

១៖ សេចក្តីណែនាំ ស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
២៖ ការដាក់ និងការទទួលពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត
៣៖ ការចុះភ្នាក់ងារសង្កេតការណ៍
៤៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
៥៖ ការបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
៦៖ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត។

លោក ហាក់ ឡេង បានបន្ថែមថា ក្នុងកិច្ចប្រជុំនេះ ក៏មានមតិ និងសំណូមពរមួយចំនួន បានលើកឡើងមានដូចជា៖

១៖ សំណូមពរឲ្យលោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យមានប័ណ្ណសំគាល់ខ្លួន (ប្រសិនបាត់អត្តសញ្ញាណប័ណ្ណ គឺអាចយកប័ណ្ណសំគាល់ខួនទៅបោះឆ្នោតបាន)។
២៖ សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់១នាក់ បានទទួលមរណភាព សំណូមពរឲ្យធ្វើបែបបទ ប្តូរសមាជិកក្រុមប្រឹក្សាឲ្យបានលឿន មុនការបោះឆ្នោតមកដល់។

លោក ហាក់ ឡេង បានបន្ថែមថា យើងទទួលយកសំណូមពរ និងបានលើកឡើង ពីប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងជំរុញឲ្យកម្លាំងសមត្ថកិច្ច រៀបផែនការតាមប្រតិទិនខាងលើ ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ប្រកបប្រសិទ្ធភាពប្រព្រត្តិទៅដោយរលូន មានសេរីភាពមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ប្រកបដោយភាពត្រឹមត្រូវ៕