សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យក្រុមការងារពាក់ព័ន្ធ ខិតខំស្វែងរកដំណោះស្រាយ រកទឹកជួយសង្គ្រោះដំណាំស្រូវ ដែលកំពុងរងគ្រោះក្នុងស្រុកមោងឬស្សី ឱ្យអស់ពីលទ្ធភាព


នារសៀលថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្រោចស្រព ស្ថិតនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អញ្ជើញអមដំណើរសម្តេចក្រឡាហោម រួមមានឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា, ឯកឧត្តម ឡោក ហ៊ួរ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណ:កម្មការទី២ នៃរដ្ឋសភា និងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត។

ឆ្លៀតនាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធ ធ្វើយ៉ាងណាខិតខំស្វែងរកដំណោះស្រាយ រកទឹកជួយសង្គ្រោះដំណាំស្រូវដែលកំពុងរងគ្រោះឱ្យអស់ពីលទ្ធភាព។

តាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកមោងឫស្សី បានឱ្យដឹងថា ឃុំចំនួន៩ នៃស្រុកមោងឫស្សី ត្រូវបានខ្វះខាតទឹកស្រោយស្រព ដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតាផងដែរ​ ៕