នាសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី


នាសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”។

សូមបញ្ជាក់ជូនថា នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលខិតខំសម្រេចបានសមិទ្ធផលការងារកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ទៅមុខទៀត។

ជាមួយគ្នានោះលោកជំទាវ បានស្នើឱ្យអង្គសន្និបាតផ្តោតលើការពិនិត្យមើលសមិទ្ធិកម្មរបស់អង្គភាពនីមួយៗ និងកំណត់រកវិធីសាស្រ្តឱ្យកាន់ជាក់លាក់ ដើម្បី ពង្រឹង និងពង្រីកវិសាលភាព លើកការងាររបស់ខ្លួន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា  ការងារអាទិភាពរបស់ក្រសួង ធ្វើឡើង តាមរយៈខ្សែទទឹង (លើការងារបញ្ជ្រាបយេនឌ័រ ការតាមដាន និងវាយតម្លៃ) និងការងារខ្សែបណ្តោយ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ ១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ២.ការលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការពង្រីកវិសាលភាពការងារអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ៣.ការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី ៤.កិច្ចការពារផ្លូវច្បាប់់សម្រាប់ស្រ្តី និងក្មេងស្រី ៥.ការលើកកម្ពស់តួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ៦.ការលើកកម្ពស់តួនាទីស្រ្តី ក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ។

នៅក្នុងឱកាសនោះ លោកជំទាវ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវ អនុវត្តកិច្ចការទាំងនេះ ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ព្រមទាំងចូលរួមពង្រឹងភាពជាពលរដ្ឋរស់នៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់៕