សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពីទីក្រុងប៉ារីសថា នៅឆ្នាំ២០២៦ នៅខាមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ ព្រមទាំងទទួលបានការគាំទ្រពីប្រធានាធិបតីបារាំងថែមទៀតផង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងជាប្រទេសហ្វ្រង់ហ្វូកូនី ហើយខ្ញុំជូនព័ត៌មានល្អមួយ របស់កម្ពុជា នៅឆ្នាំ២០២៦ នៅខាមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះយើងកំពុងដាក់ពាក្យធ្វើជាបេក្ខជនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំកំពូលហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង គាត់បានផ្តល់ការគាំទ្រដំបូង។ អ៊ីចឹងជាមោទនភាពរបស់យើងក្នុងនាមជាប្រទេសហ្វ្រង់កូហ្វូនី»

សម្តេចបានលើកឡើងបន្ថែមថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វ្រង់កូហ្វូនីនីមានមិនច្រើននោះទេ ពោលគឺមានកម្ពុជា ឡាវ និងវៀតណាម ហើយក្នុងនោះកម្ពុជានៅសកម្មជាងគេ ខណៈកម្ពុជាក៏នៅតែបន្តពង្រីកបន្ថែមទៀតផងដែរ ជាពិសេសទៅលើទំនាក់ទំនងផ្នែកសន្តិសុខ ទំនាក់ទំនងផ្នែកកាទូត វប្បធម៌ សំដៅទៅលើការលើកកម្ពស់នៃឱកាស និងទំនាក់ទំនងរវាងប្រទេស និងប្រទេស៕