ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា កោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស


(ភ្នំពេញ)៖ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។

ការកោតសសើរបែបនេះរបស់ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ជំនួបនេះបានផ្តោតលើវឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងកិច្ចសហការរវាង គ.ស.ម.ក. និងសហភាពអឺរ៉ុបនាពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Igor Driesmans និងគណៈ ប្រតិភូ និងបានគូសបញ្ជាក់ពីការរៀបចំរបាយការណ៍នៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធរួចរាល់ហើយ និងត្រៀមដាក់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យ និងសម្រេចមុននឹងបញ្ជូនទៅក្រសួងការបរទេស និងហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តនីតិវិធី។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រីលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលផ្អែកលើគោលការណ៍ ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងពីការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។

ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្ស។

ឯកអគ្គរដ្ឋទូត ក៏បានស្វាគមន៍ចំពោះសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី លើការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា៕