រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍយានយន្តអគ្គិសនី


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី/ខេត្ត ដែលជាអនុប្រធាន សមាជិក សមាជិកា គ.ល.គ.យ.អ. ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

នៅក្នុងអង្គប្រជុំនាឱកាសនេះ សមាជិក សមាជិកាអង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់ជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិនានា សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែលម្អិតស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមតួនាទីភារកិច្ចដែលបានដាក់ចេញ តាមរយៈអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គ.ល.គ.យ.អ.។ ជាមួយគ្នានេះអង្គប្រជុំក៏បានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ១៨២សសរ ស្តីពីការកែសម្រួលសមាសភាព គ.ល.គ.យ.អ. ផងដែរ។

គ.ល.គ.យ.អ. ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាររៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ក្នុងទិសដៅគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលំទូលាយ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែប្រសើរ និងច្រើនឡើងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតង ស្របតាម «យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន» ដែលបានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (United Nations Framework Convention on Climate Change – UNFCCC) កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តគ្រួសារ និងរថយន្តក្រុងអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ ២០៥០៕