មិនដល់១០ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងកម្មវិធីនានាសរុប១២


(ប៉ារីស, បារាំង)៖ ក្នុងដំណើរបំពេញបេសកកម្មការងារក្នុងប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ម្សិលមិញនេះ រយៈពេលមិនដល់១០ម៉ោងនោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងអញ្ជើញចូលរួមកម្មវិធីផ្សេងទៀតសរុបរហូត​ដល់​ទៅ១២កម្មវិធី។ ពោលសម្តេចនាយករដ្ឋមន្ត្រី មានកម្មវិធីចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង​ឡើងយន្តហោះហោះទៅប្រទេស​ស្វីសតែម្តង។

ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជា​ពល​រដ្ឋឱ្យប្រសើរជានយោបាយដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់សម្តេចនាយករដ្ឋមន្ត្រី។ ដំណើរបេសកកម្ម​ការងារនៅក្រៅប្រទេសរបៀបវារៈជាមួយអ្នកវិនិយោគ និងអ្នកជំនួញ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី​បណ្ឌិត​សេដ្ឋកិច្ចពីចក្រភពអង់គ្លេស ចាត់​ទុកកម្មវិធីដ៏ចាំបាច់ ដើម្បីបញ្ចុះបញ្ចូល និងអូសទាញ​ពួក​គេ​មកវិនិយោគនៅកម្ពុជា ផ្តល់ការងារជូនប្រជា​ពល​រដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈរបស់សម្តេច​ថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅក្រៅប្រទេសនយោបាយការទូតសេដ្ឋកិច្ច គឺជារឿងដ៏ចាំបាច់​សម្រាប់សម្តេច។ ដូច្នេះសម្តេចត្រូវប្រើពេលវេលាឱ្យអស់លទ្ធភាព ទោះជួបក្រុមហ៊ុនត្រឹមតែ១៥នាទី ក៏សម្តេចជួបដែរ ដើម្បីលើកទឹកចិត្ត និងអូសទាញក្រុមហ៊ុននោះមកកាន់ប្រទេសកម្ពុជា។ សម្តេចធិបតី ក៏ធ្លាប់បានលើកឡើងផងដែរថា ជួបក្រុមហ៊ុន បើអូសទាញបានតែមួយ ក៏ជាជោគជ័យដ៏ធំផងដែរ។

ឈរលើទស្សនៈនេះហើយ ទើបរាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅក្រៅប្រទេសតែងយកអ្នក​វិនិយោគទៅ​ជា​មួយ ហើយសម្តេចមិនដែលរំលងជំនួបជាមួយវិស័យឯកជន និងកម្មវិធីធុរកិច្ចនោះ​ឡើយ។

ថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់បារាំង ដែលសម្តេចធិបតី បានជួបជជែកពាក់ព័ន្ធការវិនិយោគម្សិល​មិញនេះ រួមមាន៖

១៖ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈ​កម្មាធិការ​ប្រតិបត្តិរបស់ VINCI Group។

ក្រុមហ៊ុន VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោង​ថាម​ពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។ VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាន​នៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។

២៖ លោកស្រី Maud BAILLY, នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាង​ឱ្យ​Group ACCOR។

Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារ​ចំនួនជាង ៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគ​ចំនួន ៩ទីតាំងនៅកម្ពុជា មានក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។

៣៖ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom។

ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹក​ជញ្ជូន​តាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិក​ប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។

៤៖ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)។

ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្ម​ជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។ ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពល​ដែលបញ្ចេញ​កាបូន​សូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែល​ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។ ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់​ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។

៥៖ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី។

ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោម​កិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់​កម្ពុជា បាននិងកំពុងបង្កើតគម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់​នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។

៦៖ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង​ Orange Group។

Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខរបស់​បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិក​ចំនួន ១៣៦,០០០នាក់ ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និង​អាហ្វ្រិក។ ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់​សេវាអន្តរជាតិទ្វេភាគី។

៧៖ លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies។

ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែល​ចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយនៅរាជធានីភ្នំពេញ និងចំនួន៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្ម​រោង​ចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុង​ពិចារណា​ក្នុង​ការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់។

៨៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle។

ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាម​ពល​កកើត​​ឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើក​ការិយា​ល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយក​ខេត្តមណ្ឌល​គិរី​ដើម្បីអនុវត្តន៍គម្រោងទីមួយ របស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំលែងជាអគ្គិសនី ដែល​គ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦តទៅ។

ក្រៅពីជួបថ្នាក់ដឹកនាំក្រុមហ៊ុនរបស់បារាំងហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំ​អង្គការ​​អន្តរជាតិហ្រ្វង់កូហ្វូនីផងដែរ។ ជំនួបនោះ ក៏ជជែកភាគច្រើនលើការវិនិយោគផងដែរ។ ជំនួបរួមមានជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)។

អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍២៧ ដោយបានរីករាលដាល​ពាសពេញ​ទ្វីប​ចំនួន៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់​អង្គការ​អន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។ បេសកកម្មរបស់ Francophonie គឺដើម្បី៖

(១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា
(២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
(៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ
(៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។

ដោយឡែកសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន៣៤ មកពីប្រទេស​ហ្រ្វង់​កូហ្វូនចំនួន៣១, សហគ្រាសជាង ៧០០,០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លាន​សហគ្រាសដោយប្រយោល។

ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសម្របសម្រួល​ និងរៀបចំដោយសភាពាណិជ្ជកម្ពុជា។

ក្នុងវេទិកានេះ មានក្រុមហ៊ុនប្រមាណ ១១០ក្រុមហ៊ុន​ បានចូលរួម។ ក្នុងនោះ ក្រុមហ៊ុន​ចំនួន៨០​ មកពីប្រទេសបារាំង​ និង​ក្រុមចំនួន​៣០​ មកពីប្រទេសកម្ពុជា​ ដេីម្បីផ្លាស់ប្តូរទំនាក់ទំនង​ ពង្រីកឱកាស​ និងសិក្សាស្វែងយល់ពីគ្នា​ ជាពិសេសបង្កេីតឱកាសវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សារណៈយោគយល់ចំនួន៦ផងដែរ រួមមាន៖

១៖ អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣៖ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦៖ អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

តាមរយៈការចុះអនុស្សរណៈយោគយល់ នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង​តាមរយៈ​ការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។

ព័ត៌មានពាក់ព័ន្ធនឹងជំនួបខាងលើ៖
១៖ ក្នុងជំនួបជាមួយសម្តេចធិបតី, ប្រធានក្រុមហ៊ុន VINCI របស់បារាំង លើកឡើងថា សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាជាលក្ខខណ្ឌអំណោយ ផល ដ៏សំខាន់ដល់ការវិនិយោគ http://fna.asia/4c7254c

២៖ ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ http://fna.asia/a581ff7

៣៖ ក្នុងជំនួបជាមួយសម្តេចធិបតី ក្រុមហ៊ុនបារាំង បង្ហាញបំណងពង្រីកការវិនិយោគ លើការតភ្ជាប់បច្ចេកវិទ្យា​ពីកម្ពុជា ទៅកាន់ប្រទេសផ្សេង តាមខ្សែកាបអុបទិកក្រោមបាតសមុទ្រ http://fna.asia/d2adb37

៤៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ស្នើកម្ពុជាចែករំលែកពិសោធន៍ក្នុងការថែរក្សាសន្តិភាព http://fna.asia/27c74bd

៥៖ ក្រុមហ៊ុន Alstom របស់បារាំង ចាប់អារម្មណ៍វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូន​ពីទីប្រជុំជន​ទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា http://fna.asia/eff81fb

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «Immersive Angkor» ជួយយុវជនជំនាន់ក្រោយឱ្យ​យល់​ច្បាស់​អំពីវប្បធម៌ និងអរិយធម៌ខ្មែរ http://fna.asia/988f20b

៧៖ ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នៅកម្ពុជា http://fna.asia/46d8418

៨៖ ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគ លើថាមពលកកើតឡើងវិញនៅកម្ពុជា http://fna.asia/3f1efd5

៩៖ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន មើលឃើញថា កម្ពុជាជាឱកាសដ៏ល្អសម្រាប់ការវិនិយោគ http://fna.asia/a0a8113

១០៖ ក្រុមហ៊ុនអគ្គិសនីបារាំង ចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា http://fna.asia/7f24547

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា http://fna.asia/e32c706

១២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់ចំនួន៦ រវាងក្រុមហ៊ុននៅកម្ពុជា និងបារាំង http://fna.asia/e35f0eb