ប្រកាសក្រុមការងារបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកវាលវែង, រដ្ឋមន្ត្រី កែវ រតនៈ ជំរុញបន្តកិច្ចសហការរៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគំរូរបស់ខេត្តពោធិ៍សាត់


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានជំរុញដល់ក្រុមការងារ ចុះមូលដ្ឋានស្រុកវាលវែង គ្រប់ជាន់ថ្នាក់ ត្រូវបន្តកិច្ចសហការ រៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូ របស់ខេត្តពោធិ៍សាត់ ដោយត្រូវចូលរួមការពារធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់ទាក់ទាញ ការវិនិយោគ ក៏ដូចផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ជាធុងអាគុយសម្រាប់ផលិតថាមពលអគ្គិសនី និងរក្សាទឹកបម្រើដល់វិស័យកសិកម្ម។

ឯកឧត្តម កែវ រតនៈ បានជំរុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រកាសសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ចំនួន១៥រូប ដែលមានលោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារ ថ្នាក់ស្រុក ដឹកនាំរួម នៅស្នាក់ការគណបក្សស្រុកវាលវែង។

នាឱកាសនោះឯកឧត្តម កែវ រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីចម្ងាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង គ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួយប្រជាជន និងជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋាន រហូតប្រជាពលរដ្ឋស្រលាញ់គ្រាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់អាណត្តិ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា ក្រុមការងារគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងបន្តរៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូមួយ របស់ខេត្តពោធិ៍សាត់ ដែលការងារអាទិភាពដំបូងគេនោះ គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចការពារធនធានធម្មជាតិ ឱ្យនៅគង់វង្ស ព្រោះថាធនធានធម្មជាតិទាំងអស់នោះ គឺជាអាយុជីវិត និងជាបេះដូងយុទ្ធសាស្ត្រ សម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ជាធុងអាគុយសម្រាប់ផលិតថាមពលអគ្គិសនី និងរក្សាទឹកបម្រើដល់វិស័យកសិកម្ម។

ឯកឧត្តមបានបន្ថែមថា នៅពេលផ្លូវជាតិលេខ១០ ស្ថាបនារួច ផ្លូវនេះនឹងតភ្ជាប់ខេត្តបាត់ដំបង ឆ្ពោះទៅកំពង់ផែទឹកជ្រៅ នៅឯខេត្តកោះកុង ដែលនេះជាលទ្ធផលវិជ្ជមាន និងជាឱកាសសម្រាប់សេដ្ឋកិច្ចឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់របស់យើងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង ត្រូវត្រៀមខ្លួនរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ និងត្រូវចុះតាមខ្នងផ្ទះ ដើម្បីស្វែងយល់ដោយផ្ទាល់ នូវបញ្ហាប្រឈម តម្រូវការ សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ និងពាំនាំក្តីកង្វល់ ក៏ដូចជាបញ្ហាប្រឈម ដែលលើពីសមត្ថភាព ជម្រាបជូនដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានោះ ត្រូវប្រើប្រាស់តួនាទី និងភារកិច្ច ដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន បានប្រគល់ជូន ក្នុងការជួយកៀរគរធនធាន មធ្យោបាយ សម្ភារមកពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គមនានា និងដោះស្រាយចំគោលដៅ នៃសេចក្តីត្រូវការរបស់មូលដ្ឋាន។

គួរជម្រាបជូនថា សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដែលត្រូវទទួលប្រកាស សេចក្តីសម្រេច រួមមាន ១៖ លោក កែវ វីរៈ ប្រធានក្រុមការងារ ថ្នាក់ស្រុក ២៖ លោក សារី កោសល្យ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៣៖ លោក គុយ ហាក់ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៤៖ លោក អួន យ៉ង់ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៥៖ លោក វង្ស អេង អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៦៖ លោក សោ លីម អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៧៖ លោក ព្រាបឧត្តម អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៨៖ លោក ចាន់ វិចិត្រ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៩៖ លោក ធាង ឡេង អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ១០៖ លោកស្រី ម៉ក់ សុភាព អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ១១៖ លោក ហួត សុភ័ស ប្រធានក្រុមការងារ ឃុំប្រម៉ោយ ១២៖ លោក ញាណ សំរេច ប្រធានក្រុមការងារ ឃុំអន្លង់រាប ១៣៖ លោក សេង រស្មី ប្រធានក្រុមការងារ ឃុំក្រពើពីរ ១៤៖ លោក អ៊ូ សារឹម ប្រធានក្រុមការងារ ឃុំថ្មដា និង១៥៖ លោក ង៉ូវ ឧស្សាហ៍ ប្រធានក្រុមការងារ ឃុំអូរសោម៕