រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា​ ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ


(ភ្នំពេញ)៖​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម ​ អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបនារសៀលថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៤នេះ​ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានជជែកពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន​ ១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិកផងដែរ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីរួចមក ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត បានបង្ហាញសុឆន្ទៈដោយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហប្រតិបត្តិការណាមួយនាពេលអនាគត៕