(ក្រចេះ)៖ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ដែលទើបសម្រេចតែងតាំងថ្មី ត្រូវបានធ្វើពិធីប្រកាសសមាសភាពជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលដោយ ឯកឧត្តម នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម សរ ចំរុង អនុប្រធានទី១, ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចំនួន៣០៣រូប។
តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងសកម្មជនដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តក្រចេះ ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល។ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។
បន្ទាប់ពីទទួលសេចក្តីសម្រេចរួចមក ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើសេចក្តីសម្រេចស្តីពីការចាត់តាំងសមាសភាពក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ រួមមាន អនុប្រធានចំនួន១៣រូប និងសមាជិក សមាជិកា ៤៧រូប សរុប៦០រូប សម្រាប់ក្រុមការងារចល័ត។
* ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ ឯកឧត្តម ទន់ សារ៉ាត ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ចំនួន៥៩រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង ឯកឧត្តម ឆាន់ សាផាន ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិក ចំនួន៦៩រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ឯកឧត្តម ហុីវ ជននាថ ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ចំនួន៦៦រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំបូរ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ជាប្រធាន អមដោយអនុប្រធាន សមាជិក សមាជិកា ចំនួន៦៧រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្នូល ឯកឧត្តម ហួត ឃាងវេង ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ចំនួន៨៨រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម សុខ ចាន់ភក្តី ជាប្រធាន អមដោយអនុប្រធាន សមាជិក សមាជិកា ចំនួន៧៥រូប
* ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ឯកឧត្តម ហេង ចាន់ធួន ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ចំនួន៤១រូប។
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារ បានថ្លែងថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារបង្កើនកិច្ចខិតខំប្រឹងប្រែងក្តាប់ឲ្យជាប់នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតបនឹងសេវាតម្រូវការ និងសេវាសំណូមពរ នានារបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលប្រជាពលរដ្ឋ បានផ្តល់ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតរបស់ខ្លួនបោះជូនគណបក្សប្រជាជនកម្ពុជា៕