រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំជាមួយអគ្គនាយកដ្ឋានអន្តោបវសន៍ ពង្រឹងការអនុវត្តច្បាប់ សំដៅបង្កើនការគ្រប់គ្រងជនបរទេស


(ភ្នំពេញ)៖ ជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេសនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោបវសន៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កិច្ចពិភាក្សាការងារ ធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិ សំដៅបង្កើនការគ្រប់គ្រង ជនបរទេសដែលបាននិងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

ឯកឧត្តមបន្តថា «យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នាបំពេញបន្ថែម។ យើងត្រូវរកយន្តការមួយ ដែលអាចឲ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅក្រោមសំណាញ់ ច្បាប់នេះទាំងអស់គ្នា»។

ឯកឧត្តមបន្តទៀតថា «ជារួមការងារនេះ យើងអនុវត្តបានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះឲ្យកាន់តែល្អថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ ធានាបានសុខ សុវត្ថិភាព ជូនជនបរទេសឲ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្ត»។

ចំពោះការស្នើសុំឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានានោះ ឯកឧត្តម ឃួង ស្រេង បានឯកភាពដោយសារថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំឲ្យខាងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងនោះ គេធុញទ្រាន់ជាមួយកម្លាំងរបស់យើង។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងថា ការស្នើឲ្យមានជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបររបស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ សុវត្ថិភាព សង្គម នឹងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់ជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ជាពិសេសចៀសវាងការអនុវត្តជាន់តួនាទី ភារកិច្ចរបស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕