ពីរថ្ងៃនៃបេសកកម្មការងារនៅស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបភ្ញៀវរហូតដល់ទៅ២០រូប


(ដាវ៉ូស, ស្វីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់បេសកកម្មការងារនៅក្នុង​ប្រទេស​​ស្វីសហើយនៅល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។ បេសកកម្មការងារនៅប្រទេសស្វីស​រយៈពេលត្រឹមពីរថ្ងៃ (ថ្ងៃទី១៦, ១៧ ខែមករា) តែសម្តេចធិបតី ហ៊ុន ម៉ាណែត មានភាពមមាញឹកជាខ្លាំង ដោយបានជួបជាមួយភ្ញៀវរហូត​ដល់​ទៅ២០រូប។

ក្នុងនោះនៅថ្ងៃទី១៦ ខែមករា សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបភ្ញៀវចំនួន៧រូប ហើយថ្ងៃទី១៧ ខែមករា ជួបចំនួន១៣រូប។ ខាងក្រោមនេះ ជាភ្ញៀវដែលសម្តេចធិបតី បានជួបពេលបំពេញការងារនៅក្នុងប្រទេសស្វីស៖

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការ OECD ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ផ្តើមការងារលើកទឹកដីស្វីស នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Mathias Cormann អគ្គលេខាធិការអង្គការ OECD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លទ្ធផលជំនួប៖ អង្គការផ្នែកអភិវឌ្ឍន៍អន្តរជាតិ ជឿជាក់ថា កម្ពុជានឹងរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយសន្យាជួយផ្នែកបច្ចេកទេសឱ្យកម្ពុជា សម្រេចផែនការសេដ្ឋកិច្ចឆ្នាំ២០៥០ http://fna.asia/8ab92a2

២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕

លទ្ធផលជំនួប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យក្រុមហ៊ុន HawkEye 360 Inc វិនិយោគលើបច្ចេកវិទ្យា​ព័ត៌មាន​លំហភូមិសាស្រ្តនៅកម្ពុជា http://fna.asia/61085a4

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយិកាប្រតិបត្តិក្រុមហ៊ុន Trip.com ជួបសម្តែងការគួរសម

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Jane Sun នាយិកាប្រតិបត្តិក្រុមហ៊ុន Trip.com ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជា តាមរយៈវេបសាយ Trip.com។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា​ក្នុង​ភាព​ជាដៃគូតាមរយៈប្រព័ន្ធឌីជីថលជាមួយ Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។

លទ្ធផលជំនួប៖ អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំភ្ញៀវទេសចរ មកទស្សនាកម្ពុជា http://fna.asia/e221fa3

៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនធុរកិច្ចផ្នែកកសិកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Wilmar International Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Wilmar International ជាក្រុមហ៊ុនធុរកិច្ចលើវិស័យកសិកម្ម ដោយបាន​បង្កើត​ឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុននេះមានបច្ចេកទេសខ្ពស់ផ្នែកកសិកម្ម រាប់ចាប់ពីការដាំដុះ កែច្នៃ វេចខ្ជប់ ផ្គត់ផ្គង់ និងចែកចាយ​យ៉ាង​ទូលំទូលាយ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធុញ្ញជាតិ ម្សៅ និងស្ករជាដើម

លទ្ធផលជំនួប៖ ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា http://fna.asia/6edc381

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយិកាប្រតិបត្តិក្រុមហ៊ុន Shenzhen Power Solution ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Xia LI ស្ថាបនិក និងជានាយិកាប្រតិបត្តិ ក្រុមហ៊ុន Shenzhen Power Solution ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិត ផលិតផលអំពូលសូឡា ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅប្រទេសចិន។

លទ្ធផលជំនួប៖ ក្រុមហ៊ុនធំមួយរបស់ចិន បង្ហាញបំណងវិនិយោគផលិតឧបករណ៍អេឡិចត្រូនិក ដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា http://fna.asia/9e084f7

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកធនាគារ Goldman Sachs ជួបសម្តែងការគួរសម

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគ​លើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយ​ផ្តល់​​សេវា​កម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល។

លទ្ធផលជំនួប៖ ក្រុមហ៊ុនផ្នែកធានាគារ Goldman Sachs បង្ហាញបំណងចង់បើកការវិនិយោគនៅកម្ពុជា http://fna.asia/a91f48b

៧៖ លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិក ព្រមទាំងជាប្រធាន ក្រុមហ៊ុន Grab ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Grab Holdings Ltd (Grab) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័ត ដែលផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Grab បានផ្តល់ដំណោះស្រាយឌីជីថល ដោយសម្រួលដល់ការទូទាត់ តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

លទ្ធផលជំនួប៖ ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ http://fna.asia/269d91a

៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Lippo Group Indonesia ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group Indonesia ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្រុមហ៊ុន Lippo Group មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។

លទ្ធផលជំនួប៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនឥណ្ឌូនេស៊ី ស្វែងរកឱកាសវិនិយោគ​លើវិស័យសុខាភិបាល និងអចលនទ្រព្យនៅកម្ពុជា http://fna.asia/b6db0e0

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Bühler Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្ម​របស់​ខ្លួនអស់រយៈពេល ១៥០ឆ្នាំមកហើយ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន១៤០ ជុំវិញពិភពលោក។

ក្រុមហ៊ុនបានផ្តោតសំខាន់លើសន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើប​ក្នុងការ​កែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុនដែលឈានមុខ​គេ​លើបច្ចេកវិទ្យា​រថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់។

លទ្ធផលជំនួប៖ ដំណឹងរីករាយសម្រាប់កសិករ! ក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើប​ឈានមុខគេ ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា http://fna.asia/8399cfa

១០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Temasek Holdings ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុង​ប្រទេសសិង្ហបុរី។ បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សា​ហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផល​កសិកម្ម។

លទ្ធផលជំនួប៖ ក្រុមហ៊ុនសិង្ហបុរី Temasek Holdings មើលឃើញកម្ពុជាជាគោលដៅ វិនិយោគ​ដ៏សំខាន់​ក្នុងតំបន់អាស៊ាន http://fna.asia/ecbcd79

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកជួបសម្តែងការគួរសម http://fna.asia/90808c3

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Joo-OK Lee ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមា​ជិក​នៃគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

១២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ បេសកជនពិសេសប្រធានាធិបតីអាមេរិក http://fna.asia/ee0b900

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក John Kerry អតីតរដ្ឋមន្រ្តីការបរទេស, អតីតសមាជិកព្រឹទ្ធសភា និងជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបន្ទុកលើកិច្ចការអាកាសធាតុ ពិភាក្សាលើការងារមួយចំនួន។ ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី និងលោក John Kerry ចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស

នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការការងារជាមួយ តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស។ បច្ចុប្បន្នលោក តូនី ប៊្លែរ មានតួនាទីជាប្រធានប្រតិបត្តិ នៃTony Blair Institute for Global Change។

ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី និងលោក តូនី ប្ល៊ែរ ចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

លទ្ធផលជំនួប៖ លោក Tony Blair វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា http://fna.asia/066d761

១៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គនាយកនៃ​អង្គការកម្មសិទ្ធិបញ្ញាពិភពលោក

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

លទ្ធផលជំនួប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តគាំទ្រការ​កសា​ង​​សមត្ថភាព និងការលើកកម្ពស់ចំណេះដឹងប្រើប្រាស់កម្មសិទ្ធិបញ្ញា ដល់ប្រជាជនកម្ពុជា http://fna.asia/5b3ecdf

១៥៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ស្កាត់ជួបពិភាក្សាការងារនៅប្រទេសស្វីស http://fna.asia/b46e6be

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលមេដឹកនាំទាំងពីអញ្ជើញចូលរួមកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

១៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក http://fna.asia/1a9bbb6

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

១៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់អង្គការ USAID ជួបពិភាក្សាការងារ

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

លទ្ធផលជំនួប៖ ទីភ្នាក់ងារអភិវឌ្ឍន៍របស់អាមេរិក ប្រកាសជួយការអប់រំ និងបរិស្ថាននៅកម្ពុជា និងសរសើរកម្ពុជា លើការងារកាត់បន្ថយជំងឺឆ្លង និងមរណភាពកុមារ http://fna.asia/f5d82b3

១៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល ប្រទេសជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

លទ្ធផលជំនួប៖ សម្តេចធិបតី និងរដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន មើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រង​ទិន្នន័យតាមឌីជីថល http://fna.asia/e1467ca

១៩៖ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ជួបពិភាក្សាការងារនៅស្វីស http://fna.asia/08b8cb1

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។ ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលនាយករដ្ឋមន្ត្រីទាំងពីររូប អញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

២០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបជជែកការងារជាមួយអគ្គលេខាធិការ WHO http://fna.asia/15f60b4

នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបជជែកការងារជាមួយលោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) និងលោក Jean Todt បេសកជនពិសេស​នៃអគ្គ​លេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុវត្ថិភាពចរាចរណ៍។

ជំនួបធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស៕