សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាបារាំង


នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង។

ក្នុងជំនួបនេះ លោក Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់​ក្តៅចំពោះ​ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាប្រទេសបារាំង។ លោក Gérard Larcher បានរំឭក​ផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័ន​ព្រឹទ្ធ​សភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនោះ និងបាន​ជម្រាប​ប្រធានព្រឹទ្ធសភាបារាំង អំពីលទ្ធផលនៃជំនួបជាមួយលោកប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍន​ភាព​កិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យ​នយោ​បាយ សេដ្ឋកិច្ច វប្បធម៌ និងភាសាជាដើម។

សម្តេចធិបតី ក៏បានអញ្ជើញប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤៕